កីឡា

លោកស្រី កែវ មនោរម្យ ៖ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់សមត្ថភាព គុណភាព ចំណេះដឹងលើគរុកោសល្យ និងវិធីសាស្រ្តបង្រៀន អប់រំកាយបែបថ្មី

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បានចូលរួមអញ្ជើញចូលរួម ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “គរុកោសល្យ និងវិធីសាស្រ្តបង្រៀនអប់រំកាយបែបថ្មី” ” ដែលបានប្រព្រឹត្តទៅអស់រយៈពេល៥ថ្ងៃកន្លងមកចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ រៀបចំដោយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ ។

លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បានបញ្ជាក់ថា ក្នុងនាមលោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ និងសេចក្តី សោមនស្សរីករាយក្រៃលែង ដោយបានចូលរួមក្នុងពិធី បិទវគ្គបណ្តុះបណ្តាលស្តីពី “គរុកោសល្យ និងវិធីសាស្រ្តបង្រៀនអប់រំកាយបែបថ្មី” បានប្រព្រឹត្តទៅអស់រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ២០២៦។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គ្រូឧទ្ទេសទាំងអស់បានយកចិត្តទុកដាក់ក្នុងការរៀបចំកម្មវិធីសិក្សា ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ខ្ញុំសូមថ្លែងអំណរគុណដល់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ ដែលបានសហការ និងសិក្ខាកាមទាំងអស់ដែលជាគ្រូអប់រំកាយ និងកីឡា បានចូលរួមយ៉ាងសកម្ម រហូតដល់បញ្ចប់វគ្គនេះដោយជោគជ័យ។

លោកស្រី នាយិកាវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ថា យោងតាមរបាយការណ៍របស់គណៈគ្រប់គ្រងវគ្គបណ្តុះបណ្តាល ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល និងបានប្រព្រឹត្តទៅដោយរលូនទាំងការគ្រប់គ្រង និងបច្ចេកទេសក្នុងការអនុវត្តជាក់ស្តែង ក៏ដូចជាការងារពាក់ព័ន្ធ ចាប់ពីពេលបើកវគ្គរហូត ដល់ថ្ងៃបញ្ចប់វគ្គ។

លទ្ធផលដែលយើងទទួលបាននាពេលនេះ ពិតជាស្ដែងចេញឲ្យឃើញអំពីការខិតខំប្រឹងប្រែងប្រកបដោយភាពអំណត់ ក្នុងការរៀនសូត្រយ៉ាងយកចិត្តទុកដាក់របស់សិក្ខាកាម ក៏ដូចជាការខិតខំយកចិត្តទុកដាក់អស់ពីសមត្ថភាពរបស់គ្រូឧទ្ទេស និងអ្នកពាក់ព័ន្ធ ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមកម្មវិធី ដែលគណៈគ្រប់គ្រងវគ្គបានដាក់ជូន។ វគ្គបណ្តុះបណ្តាលដែលរៀបចំដោយវិទ្យាស្ថានជាតិអប់រំកាយនិងកីឡានេះ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព គុណភាព ចំណេះដឹងលើគរុកោសល្យ និងវិធីសាស្រ្តបង្រៀនអប់រំកាយបែបថ្មី ស្របតាមកម្មវិធីសិក្សាអប់រំកាយនៅតាមគ្រឹះស្ថានសិក្សា។

លោកស្រី កែវ មនោរម្យ បានបន្ថែមថា អំឡុងពេនៃវគ្គបណ្តុះបណ្តាលសិក្ខាកាមទាំងអស់បានទទួលនូវចំណេះដឹងថ្មីៗជាច្រើនអំពីគរុកោសល្យ និងវិធីសាស្រ្តបង្រៀនបែបថ្មីក្នុងនោះមានដូចជាចិត្តគរុកោសល្យ សម្រាប់បង្រៀនអប់រំកាយ ការសរសេរកិច្ចតែងការបង្រៀន របៀបរៀបចំផែនការមេរៀន វិធីសាស្រ្តបង្រៀនតាមមុខវិជ្ជារងនីមួយៗដូចជា បាល់ទះ បាល់ទាត់ អត្តពលកម្ម និងអប់រំកាយជាមួយចង្វាក់ភ្លេងជាដើម។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូឧទ្ទេស ទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀនដល់សិក្ខាកាមអស់ពីកម្លាំងកាយចិត្ត និងសូមថ្លែងអំណរគុណដល់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ ដែលបានសហការយ៉ាងជិតស្និទ្ធ និងជួយសម្របសម្រួល ដើម្បីធ្វើឲ្យវគ្គបំប៉ននេះ បានដំណើរការដោយរលូន និងទទួលបានជោគជ័យនាពេលនេះ៕

Most Popular

To Top