បរទេស៖ ក្រុមហ៊ុនបណ្តុះបណ្តាល AI ឈ្មោះ Mercor កាលពីថ្ងៃអង្គារ បានប្រកាសថាខ្លួនរៃអង្គាសប្រាក់បានចំនួន ៧៥០ លានដុល្លារ នៅក្នុងការរៃអង្គាសប្រាក់ជុំថ្មី ដែលជំរុញឱ្យតម្លៃខ្លួនរបស់ក្រុមហ៊ុន Start-up មួយនេះកើនឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ការរៃអង្គាសប្រាក់ក្នុងជុំទី៤ (Series D) នេះ មានការចូលរួមពីក្រុមហ៊ុនវិនិយោគធំៗដូចជា Benchmark, Felicis, Fundomo, Nvidia និងមូលនិធិដែលគ្រប់គ្រងដោយសាខារបស់ក្រុមហ៊ុន Apollo ព្រមទាំងអ្នកវិនិយោគជាច្រើនផ្សេងទៀត។
ភាពសាទររបស់អ្នកវិនិយោគចំពោះបច្ចេកវិទ្យា AI បានជំរុញឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវទំហំទឹកប្រាក់វិនិយោគឯកជននៅឆ្នាំនេះ ដោយបានបង្កើតជាក្រុមក្រុមហ៊ុន Start-ups ថ្មីៗដែលទទួលបានទុនវិនិយោគសន្ធឹកសន្ធាប់ និងមានតម្លៃខ្លួនរាប់ពាន់លានដុល្លារ។
ក្រុមហ៊ុន Mercor ដែលបានចាប់ផ្តើមដំបូងជាវេទិកាជ្រើសរើសបុគ្គលិកដំណើរការដោយ AI បច្ចុប្បន្នកំពុងដើរតួជាអ្នកភ្ជាប់ក្រុមហ៊ុនបច្ចេកវិទ្យាទៅនឹងអ្នកជំនាញឯកទេស ដែលចំណេះដឹងរបស់ពួកគេត្រូវបានប្រើប្រាស់ដើម្បីបណ្តុះបណ្តាល សាកល្បង និងកែលម្អគំរូ និងភ្នាក់ងារ AI (AI models and agents)។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង San Francisco មួយនេះ បានបញ្ជាក់ថា ខ្លួននឹងប្រើប្រាស់ថវិកាដែលរៃអង្គាសបាននេះ ដើម្បីជួយបណ្តុះបណ្តាល និងសាកល្បងភ្នាក់ងារ AI លើកិច្ចការងារប្រកបដោយវិជ្ជាជីវៈ។
លោក Brendan Foody សហនាយកប្រតិបត្តិ (co-CEO) បានថ្លែងថា៖ "គ្រប់ការងារទាំងអស់នៅក្នុងប្រព័ន្ធសេដ្ឋកិច្ច នឹងត្រូវការភ្នាក់ងារ AI ផ្ទាល់ខ្លួន ហើយគ្រប់ក្រុមហ៊ុនទាំងអស់ក៏នឹងត្រូវការមធ្យោបាយមួយ ដើម្បីបណ្តុះបណ្តាល និងវាយតម្លៃភ្នាក់ងារទាំងនោះ លើការងារជាក់ស្តែងរបស់ពួកគេផងដែរ។"
យោងតាមទិន្នន័យពី Crunchbase បានឱ្យដឹងថា ក្រុមហ៊ុន Start-up ផ្នែក AI នានា បានរៃអង្គាសប្រាក់សរុបចំនួន ១០២ ពាន់លានដុល្លារ ឬស្មើនឹង ៦៤ ភាគរយនៃដើមទុនវិនិយោគរួមសកល (global venture capital) នៅក្នុងត្រីមាសទី៣ នៃឆ្នាំ ២០២៦។
គួររំលឹកផងដែរថា ក្រុមហ៊ុន Mercor ដែលទទួលបានការគាំទ្រពីលោក Jack Dorsey និងអ្នកវិនិយោគទុនលោក Peter Thiel ធ្លាប់មានតម្លៃខ្លួនប្រមាណ ១០ ពាន់លានដុល្លារ បន្ទាប់ពីការរៃអង្គាសប្រាក់បាន ៣៥០ លានដុល្លារកាលពីខែតុលា ឆ្នាំមុន។
ប្រែសម្រួល៖ គីរី
