កីឡា

លោកប្រធាន សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា អញ្ជើញបិទការប្រកួតកីឡា លើកទម្ងន់ក្នុងព្រឹត្តិការណ៍ កីឡាជាតិលើកទី៥

ភ្នំពេញ ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦  លោក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ អគ្គលេខា-ធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា លោក វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកបេសកកម្មពិសេស គណៈកម្មាធិ-ការជាតិអូឡាំពិកកម្ពុជា និង ជាអនុប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា  បានអញ្ជើញបិទការប្រកួតកីឡាលើកទម្ងន់ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ។

លោក ឈុំ វាសនា អនុប្រធាន អគ្គលេខាធិការ និងជាប្រធានគណៈកម្មការបច្ចេកទេស សហព័ន្ធកីឡាលើកទម្ងន់
កម្ពុជា បានប្រាប់ឲ្យដឹងថា ជាក់ស្តែងព្រឹត្តិការណ៍កីឡាជាតិបានចាប់ផ្តើមលើកទី១ នៅឆ្នាំ២០១៦ ហើយនេះគឺជាការរៀបចំព្រឹត្តិ- ការណ៍កីឡាជាតិលើកទី៥ នៅឆ្នាំ២០២៦នេះ និងជាលើកទី៣ សម្រាប់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ដែលសហព័ន្ធបានចូលរួមរៀបចំប្រកួតចាប់ពីឆ្នាំ២០២២ ២០២៤ និងឆ្នាំ២០២៦នេះ។

ការរៀបចំប្រកួតកីឡាលើកទម្ងន់ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ មានរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយក្នុងនោះប្រជុំបច្ចេកទេស និងប្រតិភូកីឡា មានចំនួន ០១ថ្ងៃ និងប្រកួត ០៣ថ្ងៃ មាន៥វិញ្ញាសា បុរស ០៣វិញ្ញាសា (៦០ គ.ក, ៧៥ គ.ក និង +៨៥ គ.ក្រ) នារី ០២វិញ្ញាសា (-៦១ គ.ក និង +៦១ គ.ក) ដែលមានការចូលរួមពីក្លឹបកីឡា ក្រសួង ស្ថាប័ន រាជធានី ខេត្ត ចំនួន១០ ចូលរួម។

 គិតចាប់ពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន មានរយៈពេល៨ឆ្នាំ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦ និងអាណត្តិទី៧ នៃរដ្ឋសភា និងក្រោមការចង្អុលបង្ហាញពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រោមការសម្របសម្រួលពី  មន្ត្រីជំនាញ នៃនាយកដ្ឋាន ជំនាញ អគ្គនាយកដ្ឋានកីឡា បានធ្វើឱ្យសហព័ន្ធ បានធ្វើដំណើរអភិវឌ្ឍន៍ខ្លួនឈានឡើង ជាបន្តបន្ទាប់ក្នុងឆាកជាតិ និងអន្តរជាតិ។

ជាថ្មីម្តងទៀត ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានឧបត្ថម្ភ និងរៀបចំព្រឹត្តិការណ៍នេះឡើង តាមរយៈការសម្របសម្រួលរបស់នាយកដ្ឋានគ្រប់គ្រងព្រឹត្តិការណ៍ និងស្ថិតិកីឡា អគ្គនាយកដ្ឋានកីឡា និងក្រសួង ស្ថាប័ន រដ្ឋបាល និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត បានសម្រិតសម្រាំង អត្តពលិកល្អៗ ចូលរួមការប្រកួតកីឡាលើកទម្ងន់ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នេះ។

លោក តែម ម៉ឺន បានមានប្រសាសន៍ថា សូមអរគុណចំពោះថ្នាក់ដឹកនាំ គណៈកម្មាធិការប្រតិបត្តិ គណៈកម្មការជំនាញ នៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ដែលបានជម្រុញ ណែនាំ ឧបត្ថម្ភ លើកទឹកចិត្ត និងចៅក្រម អាជ្ញាកណ្តាល មន្ត្រីបច្ចេកទេសទាំងអស់ ដែលបានធ្វើដំណើរពីរាជធានី ខេត្ត ដើម្បីចូលរួមវិនិច្ឆ័យប្រកបដោយការទទួលខុសត្រូវ និងសុច្ចរិតភាព មិនលម្អៀង ស្របតាមបទដ្ឋានបច្ចេកទេស។

សហព័ន្ធ និងបន្តសកម្មភាពរបស់ខ្លួនក្នុងការរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ដើម្បីធ្វើឱ្យទិន្នផល សមិទ្ធផល គុណផលកីឡាមួយនេះមានសន្ទុះឆ្ពោះទៅមុខ​ ក្នងការចូលរួមដណ្តើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី ចូលរួម ប្រកួតបំពេញ លក្ខខ័ណ្ឌក្នុងព្រឹត្តិការណ៍ L.A 2028 នៅសហរដ្ឋអាមេរិក និងត្រៀមចូលរួមធ្វើជាម្ចាស់ផ្ទះក្នុង ការរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៥ ឆ្នាំ២០៣១៕

Most Popular

To Top