បរទេស៖ អ្នកស្រី Alice Huang ដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia និងជាមហាសេដ្ឋីលំដាប់ទី៨ ពិភពលោក គឺជាស្ត្រីអ្នកជំនួញជនជាតិចិន។ របាយការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិកបានព្រមានថា អ្នកស្រីអាចជាចារកម្មចិន ដែលកំពុងប្រតិបត្តិការក្រោមមុខ របរជាថ្នាក់ដឹកនាំក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
យោងតាមប្រភពព័ត៌មាន អ្នកស្រី Alice (ដែលគេស្គាល់ឈ្មោះម្យ៉ាងទៀតថា Huang Le) ធ្លាប់ធ្វើជាអ្នករាយការណ៍ព័ត៌មានតាមទូរទស្សន៍នៅប្រទេសចិន ដូចជាស្ថានីយទូរទស្សន៍ Hunan TV និង CCTV ទោះបីជាអតីតថ្នាក់ដឹកនាំមួយរូបនៅ Hunan TV បានបដិសេធថាមិនដែលស្គាល់ឈ្មោះនេះក៏ដោយ។ បន្ទាប់មក អ្នកស្រីបានផ្លាស់ប្តូរអាជីពទៅក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ដោយធ្លាប់ធ្វើជាជំនួយការប្រធានផ្នែកសេវាធនាគារឯកជនរបស់ HSBC និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Hexi Capital នៅសៀងហៃ។
ភាពចម្រូងចម្រាសកាន់តែខ្លាំងឡើងនៅពេលអ្នកស្រីបានចូលបម្រើការងារនៅក្រុមហ៊ុន Megaspeed ដែលជាក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យមានមូលដ្ឋាននៅសិង្ហបុរី ចន្លោះខែមីនា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣។ Megaspeed បានទិញបន្ទះឈីប Nvidia ក្នុងទំហំទឹកប្រាក់ជាង ៤,៨ពាន់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ និងបានជួលថាមពលកុំព្យូទ័រ (Computing power) ទៅឱ្យក្រុមហ៊ុនចិន Alibaba Group ។
សកម្មភាពនេះបានបង្កឱ្យមានការសង្ស័យពីអាជ្ញាធរអាមេរិក ថា Megaspeed អាចនឹងដើរតួជាអន្តរការី ជួយក្រុមហ៊ុនចិនឱ្យគេចផុតពីការរឹតបន្តឹងការនាំចេញបន្ទះឈីប AI ទំនើបៗរបស់សហរដ្ឋអាមេរិក។ បច្ចុប្បន្ន អាជ្ញាធរកំពុងស៊ើបអង្កេតករណីនេះ ដើម្បីការពារអត្ថប្រយោជន៍បច្ចេកវិទ្យារបស់អាមេរិក ខណៈក្រុមហ៊ុន Nvidia ដែលមានតម្លៃទីផ្សារ ៥,២ទ្រីលានដុល្លារ កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទូទាំងពិភពលោក។
ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានភស្តុតាងណាមួយបញ្ជាក់ថា លោក Jensen Huang បានដឹងពីសកម្មភាពចារកម្មដែលត្រូវបានចោទប្រកាន់លើអ្នកស្រី Alice នោះទេ។
ប្រែសម្រួល៖ គីរី
