បរទេស៖ការដកកងទ័ពអាមេរិកភ្លាមៗ ចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្រោយកិច្ចព្រមព្រៀងសន្តិភាពកាលពីចុងសប្ដាហ៍ ជាមួយពួកតាលីបង់ តាមសេចក្តីរាយការណ៍ គឺត្រូវបានរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper អនុម័តយល់ព្រម នៅថ្ងៃចន្ទសប្ដាហ៍នេះ។
លោករដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា លោកបានផ្តល់ការយល់ព្រម ចំពោះលោកឧត្តមសេនីយ៍ Scott Miller ជាមេបញ្ជាការនៃកងកម្លាំងសហរដ្ឋអាមេរិកនិងណាតូ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន សម្រាប់ការកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅក្នុងប្រទេសនេះ ពីចំនួនប្រហែល១២.០០០នាក់ មកនៅប្រហែល៨.៦០០នាក់ ក្នុងរយៈពេលប្រមាណ១០ថ្ងៃ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងមួយ រវាងពួកឧទ្ទាមតាលីបង់ និងសហរដ្ឋអាមេរិក គឺត្រូវបានចុះហត្ថលេខាកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍ កន្លងទៅ ហើយកិច្ចព្រមព្រៀងនេះ បានអំពាវនាវឲ្យកាត់បន្ថយកងទ័ពអាមេរិក ក្នុងរយៈពេល១៣៥ថ្ងៃ និងដកកងកម្លាំង សហរដ្ឋអាមេរិកទាំងស្រុង ក្នុងរយៈពេល១៤ខែ៕