ព្រឹត្តិការណ៍

អ្នកជំនាញបរទេស៖ ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិន ទៅទីក្រុង វូហាន បានបង្កើនទំនុកចិត្ត ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩

ប៉េកាំង៖ អ្នកជំនាញ និងអ្នកសិក្សាអន្តរជាតិ បាននិយាយថា ដំណើរត្រួតពិនិត្យ របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងវូហាន កាលពីថ្ងៃអង្គារ បានបង្ហាញពីការ យកចិត្តទុកដាក់របស់លោក ចំពោះសុខភាព និងសុវត្ថិភាពរបស់ប្រជាជន និងបានធានាដល់ពិភពលោក នៃទំនុកចិត្តរបស់ចិន ចំពោះជ័យជំនះចុងក្រោយ លើមេរោគឆ្លងកូវីដ១៩។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃអង្គារលោកស៊ី បានធ្វើដំណើរទៅទីក្រុងវូហាន ដែលជាចំណុចកណ្តាល នៃការផ្ទុះឡើងនៃជំងឺ នៅភាគកណ្តាលប្រទេសចិន និងទីរួមខេត្តហ៊ូប៉ី សម្រាប់ការត្រួតពិនិត្យការងារបង្ការ និងគ្រប់គ្រងការរាតត្បាត។

លោក Andrey Ostrovsky នាយករងវិទ្យាស្ថានសិក្សាចុងបូព៌ា នៅបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកស៊ី ទៅកាន់វូហានបង្ហាញ ពីការទទួលខុសត្រូវ របស់មេដឹកនាំ និងបង្ហាញថា លោកយកចិត្តទុកដាក់ ចំពោះប្រជាជនរបស់លោក។

លោក Ostrovsky ថា “ ដំណើរទស្សនកិច្ចនេះ មានសារសំខាន់ សម្រាប់ប្រជាជនចិន ជាពិសេសនៅក្នុងលក្ខខណ្ឌបច្ចុប្បន្ន នៅពេលដែលមានការសាកល្បងបែបនេះ មិនត្រឹមតែសម្រាប់ ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ ប្រទេសមួយចំនួនទៀតផងដែរ” ។

ចំណែកលោក Diaa Helmy អគ្គលេខាធិការសភាពាណិជ្ជកម្មអេហ្ស៊ីប – ចិន ដែលមានមូលដ្ឋាន នៅទីក្រុងគែរ បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស៊ី គឺជាសារនៃការកោតសរសើរ ដល់ប្រជាជនដែលរស់នៅក្នុងទីក្រុងវូហាន ក្នុងអំឡុងពេលមានជំងឺរាតត្បាត។

លោកបាននិយាយថា វាក៏ឆ្លុះបញ្ចាំងពីសាមគ្គីភាព ក្នុងចំណោមផ្នែកទាំងអស់នៃសង្គមចិន ចាប់ពីមេដឹកនាំរហូតដល់ពលរដ្ឋ។

លោក Yu Hong អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃវិទ្យាស្ថានអាស៊ីបូព៌ា នៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចអធិការកិច្ច របស់លោកស៊ី ទៅកាន់វូហាន គឺជាការនាំមកនូវការគាំទ្រ និងការលើកទឹកចិត្ត ពីថ្នាក់ដឹកនាំកំពូលរបស់ចិន ទៅដល់ប្រជាជននៅក្នុងទីក្រុង៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top