បច្ចេកវិទ្យា

ប្រទេស អ៊ីស្រាអែល នឹងប្រើបច្ចេកវិទ្យា ប្រឆាំង ភេរវកម្ម ដើម្បីទប់ស្កាត់ការឆ្លង មេរោគកូវីដ១៩

បរទេស៖ នាយករដ្ឋមន្រ្តីលោក បេនចាមីន នីតាន់យ៉ាហ៊ូ បាននិយាយកាលពី ថ្ងៃសៅរ៍ថា ប្រទេសអ៊ីស្រាអែល នឹងប្រើបច្ចេកវិទ្យាប្រឆាំងភេរវកម្ម ដើម្បីរកអ្នកដែលមាន ផ្ទុកមេរោគកូវីដ១៩ ។

ជនបរទេសទាំងអស់ដែលចូលមកអ៊ីស្រាអែល គឺតម្រូវឱ្យនៅដោយឡែករយៈពេល ១៤ ថ្ងៃ។ សាលារៀន ភោជនីយដ្ឋាន ហាងកាហ្វេ កន្លែងហាត់ប្រាណ និងហាងភាគច្រើនត្រូវបានបិទទ្វារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោក នីតាន់យ៉ាហ៊ូបាននិយាយថា “យើងនឹងតាមដានអ្នកជំងឺ រួមទាំងជំនួយពីបច្ចេកវិទ្យាឌីជីថល ដែលយើងបានប្រើក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម” ។

លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលបានប្រគល់ភារកិច្ចដល់ ក្រសួងយុត្តិធម៌ ក្នុងការរៀបចំក្របខ័ណ្ឌច្បាប់ដែលនឹងអនុញ្ញាតឱ្យប្រើប្រាស់ បច្ចេកវិទ្យាបែបនេះ ដោយផ្អែកលើការរីករាលដាលនៃជំងឺកូវីដ- ១៩ ដែលបានវិវត្តទៅជា ជំងឺរាតត្បាតទូទាំងពិភពលោក។

សូមជម្រាបថា កាលពីថ្ងៃសៅរ៍ប្រទេសនេះ បានចុះបញ្ជីករណីឆ្លងថ្មីចំនួន ៥០ ករណី ក្នុងមួយយប់ ដោយបណ្តាលមាន ការឆ្លងសរុបចំនួន ១៩៣ ករណី៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top