ព្រឹត្តិការណ៍

ពីរ៉ាមីតបុរាណ នៅអេហ្ស៊ីប បើកជាសាធារណៈ ជាលើកដំបូង ក្នុងរយៈពេល ៩០ ឆ្នាំ បន្ទាប់ពីវិស្វករអង់គ្លេស រក្សាទុករចនាសម្ព័ន្ធ អាយុ៤៧០០ឆ្នាំ ពីការដួលរលំ

អេហ្ស៊ីប ៖ ប្រាសាទពីរ៉ាមីត ចំណាស់ជាងគេបំផុត លើពិភពលោកអេហ្ស៊ីប ដែលមានអាយុកាល ៤,៧០០ ឆ្នាំ ត្រូវបានជួយសង្គ្រោះ ពីការដួលរលំ ដោយក្រុមវិស្វកម្មអង់គ្លេស និងបានបើកជា សាធារណៈជាលើកដំបូង ក្នុងរយៈពេលជិត ៩០ឆ្នាំជាផ្លូវការ ហើយបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ប្រាសាទពីរ៉ាមីត នៃស្តេច Djoser មានកម្ពស់៦០ម៉ែត្រ ហើយត្រូវបានគេជឿថា ជាពីរ៉ាមីតដំបូងគេនៅអេហ្ស៊ីបនិងជាអាគារចំណាស់ជាងគេបំផុតនៅលើពិភពលោក។ ប្រាសាទនេះត្រូវបានសាងសង់ឡើង ទាំងស្រុងពីថ្ម ដោយស្ថាបត្យករអេហ្ស៊ីប បុរាណ លោក Imhotep នៅក្នុងទីប្រជុំជន Saqqara ដ៏ធំនៅភាគខាងត្បូងនៃCairo ហើយត្រូវបានគេជឿជាក់ថា ជាកន្លែងចុងក្រោយរបស់ស្តេច Djoser ដែលជាស្ថាបនិក នៃព្រះរាជាណាចក្រចាស់។

ប៉ុន្តែធ្នឹមថ្ម និងប្លុកគាំទ្ររចនាសម្ព័ន្ធ បានចុះទ្រុឌទ្រោម ជាងសហស្សវត្សរ៍ ជាបន្តបន្ទាប់ ។ លោក Peter James ជាវិស្វករមកពីទីក្រុង Newport ប្រទេសវែលបានចាប់ផ្តើម ជួសជុលផ្នូរដែលបាក់បែក កាលពីឆ្នាំ ២០១១ ហើយទីបំផុតរចនាសម្ព័ននេះ ហាក់ដូចជាមានលក្ខណៈគ្រប់គ្រាន់ ត្រូវបានបើកម្តងទៀត សម្រាប់ភ្ញៀវទេសចរ។

ឥឡូវនេះអ្នកទេសចរអាច រុករកកន្លែងបញ្ចុះសព King Djoser ជាលើកដំបូងចាប់តាំងពីទសវត្សឆ្នាំ ១៩៣០ នៅពេលដែលវាត្រូវបានបិទដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។ នៅពេលផ្នូរត្រូវបានបើកឲ្យក្រុមសារព័ត៌មាន កាលពីម្សិលមិញនោះ លោក James នាយកគ្រប់គ្រងក្រុមហ៊ុន Cintec ជាក្រុមហ៊ុនវេលស៍បានជួសជុលប្រាសាទនេះបានប្រាប់កាសែត The Times ថា ការងារសាងសង់មាន ហានិភ័យខ្ពស់ ។

ពីរ៉ាមីត Dosjer គឺជាគំនិតបដិវត្តគំរូពីរ៉ាមីត ផ្តល់ប្លង់មេសម្រាប់ការអភិវឌ្ឍន៍អេហ្ស៊ីប នាពេលអនាគតរួមទាំងរូប៣ ដែលឈរក្បែរ Sphinx នៅ Giza ១២ ម៉ាយទៅទិសពាយព្យ។ ប្រាសាទពីរ៉ាមីតនេះត្រូវបានបង្កើតឡើងដោយម៉ាស្កាបាចំនួន ៦ (សំណង់រាងចតុកោណ) ជង់លើគ្នា ៕
ដោយ៖លី ភីលីព

Most Popular

To Top