វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកសង្ឃឹមថា នឹងធ្វើឱ្យប្រទេសនេះ វិលត្រឡប់មកធ្វើការវិញ នៅពាក់កណ្តាលខែមេសា ដោយសារតែការ ព្រួយបារម្ភអំពីផលប៉ះពាល់ នៃការបិទទ្វារសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោក ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរុសកូរ៉ូណាថ្មី ។
លោកប្រធានាធិបតី បានឲ្យដឹងនៅក្នុងកម្មវិធីផ្សាយ ផ្ទាល់ដោយទូរទស្សន៍ Fox News ថា “ខ្ញុំចង់ឱ្យប្រទេសនេះ បើកចំហហើយត្រឡប់ទៅធ្វើការងារ វិញជាធម្មតា ” ។
នៅថ្ងៃទី១៦ ខែមីនា រដ្ឋបាលលោក ត្រាំ បានដាក់ចេញនូវការណែនាំ សម្រាប់រយៈពេល ១៥ ថ្ងៃ ដើម្បីបន្ថយការរីករាលដាល នៃជំងឺរាតត្បាត ដោយបានអំពាវនាវឱ្យប្រជាជនធ្វើការ ឬចូលរួមសាលារៀន ពីផ្ទះនៅពេលណា ដែលអាចធ្វើទៅបាន និងជៀសវាងការប្រជុំសង្គមជាក្រុម ដែលមានមនុស្សច្រើនជាង ១០ នាក់៕
ដោយ ឈូក បូរ៉ា