ព្រឹត្តិការណ៍

សមាគម​ ចលនាយុវជនកម្ពុជា “ក្រុម១៥៧” បរិច្ចាកថវិកា ជិត៣ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ការរីករាលដាល កូវីដ-១៩

ភ្នំពេញ៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំ ដែលមានលោក ម៉ឹង ពន្លក ជាប្រធាន រួមទាំងសមាជិក សមាជិកា គ្រប់បណ្តាសាខាខេត្ត នៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានធ្វើការបរិច្ចាគថវិកា សរុបចំនួន ២៩,៤៤៥ដុល្លារអាមេរិក តាមរយៈសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ជូនរាជរដ្ឋាភិបាលកម្ពុជា ។

គួរឲ្យដឹងដែរថា សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ត្រូវបានបង្កើតឡើង ក្នុងគោលបំណង ដើម្បីចុះជួយប្រជាពលរដ្ឋក្រីក្រ តាមសហគមន៍ និងជានិច្ចជាការ ក្រុម១៥៧ បានចូលរួមជាប់ជានិច្ច ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយ នូវកង្វល់ និងបញ្ហារបស់ប្រជាពលរដ្ឋ ជនងាយរងគ្រោះ តាមបណ្តាខេត្តនានា ទៅតាមលទ្ធភាពជាក់ស្តែង ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង១៩៖៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានវីរុសកូវីដ១៩ សរុបទាំងអស់មាន ចំនួន៩៦នាក់ (ស្រី ២៥នាក់ ប្រុស៧១នាក់) ក្នុងនោះមានចំនួន ១០នាក់ ដែលបានជាសះស្បើយ គិតពីខែមករា ដល់បច្ចុប្បន្ននេះ៕



Most Popular

To Top