កីឡា

ព្រឹត្តិការណ៍ បាល់ទាត់ អាស៊ាន មួយចំនួន ត្រូវផ្អាក និងខ្លះ នៅបន្តការប្រកួត ដដែល

ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទាត់ អាស៊ីអាគ្នេយ៍ដែលគេហៅថាAFF (ASEAN Football Federation)ដែលមានទីតាំងនៅ ទីក្រុងគូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ីនោះ បានសម្រេចផ្លាស់ប្ដូរពេលវេលាប្រកួតមួយចំនួន ដោយសារតែ ការរាតត្បាតនៃមេរោគកូរ៉ូណា ។

នេះបើតាមសេចក្ដីប្រកាស របស់សហព័ន្ធកីឡាបាល់ទាត់ ប្រចាំតំបន់មួយនេះ ព្រមទាំងតាមរយៈសេចក្ដីប្រកាសនេះបានឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតចំនួន៤នឹងត្រូវពន្យារទៅឆ្នាំក្រោយៗទៀត ។ព្រឹត្តិការណ៍បាល់ទាត់ស្ដ្រីអាស៊ីអាគ្នេយ៍ (AFF Women’s Championship) ដែលគ្រោងធ្វើនៅប្រទេសហ្វីលីពីន នាខែឧសភាត្រូវបានពន្យារ ។

ជាមួយគ្នានេះ ព្រឹត្តិការណ៍យុវជន និងយុវនារី ៣ទៀតដែលត្រូវផ្លាស់ប្តូរ ផងដែរនោះ គឺការប្រកួតពានរង្វាន់បាល់ទាត់នារី អាយុក្រោម ១៨ឆ្នាំ ពានយុវជនអាយុក្រោម ១៦ឆ្នាំ និងពានយុវជនអាយុក្រោម ១៩ឆ្នាំ (AFF U18 Women’s Championship, AFF U16 Boys Championship និង AFF U19 Boys Championship) ដែលគ្រោងធ្វើនៅប្រទេសឥណ្ឌូនេស៊ី ៣កម្មវិធី ក្នុងខែមិថុនា ខែកក្កដា និងសីហា បន្តបន្ទាប់គ្នា។

ដោយឡែកចំពោះព្រឹត្តិការណ៍ចំនួន៤ផ្សេងទៀត របស់សហព័ន្ធបាល់ទាត់ អាស៊ីអាគ្នេយ៍នឹងបន្តប្រព្រឹត្តទៅតាមការគ្រោងទុកគឺរួម មានការប្រកួតពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៥ឆ្នាំ (AFF U15 Girls ’Championship) នៅឥណ្ឌូនេស៊ី នាខែកញ្ញានេះ រួមជាមួយព្រឹត្តិការណ៍បាល់ទាត់ក្នុងសាល ក្លិបបាល់ទាត់ក្នុងសាល និងបាល់ទាត់លើឆ្នេរខ្សាច់ (AFF Futsal Championship, AFF Futsal Club Championship, AFF Beach Football Championship) ដែលធ្វើនៅប្រទេសថៃ នាចុងឆ្នាំនេះ។

ចំពោះពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ (AFF Championship ឬនិយមហៅថា AFF Suzuki Cup) នឹងរក្សានៅដដែល ដែលតាមការ គ្រោងទុកគឺចាប់ផ្ដើមនៅខែវិច្ឆិកា ឆ្នាំនេះ។ ទន្ទឹមនឹងនេះដែរការប្រកួតពានរង្វាន់ ក្លឹបបាល់ទាត់ អាស៊ីអាគ្នេយ៍ (Asean Club Championships – ACC) ដែលរំពឹងទុកថា នឹងចាប់ផ្តើមលើកដំបូងនៅឆ្នាំនេះ ត្រូវបានលើកទៅរៀបចំនៅឆ្នាំ២០២១ វិញ ខណៈមូលហេតុគឺដោយសារតែ ពានរង្វាន់នេះត្រូវចំណាយរយៈពេលប្រកួតជាង ៥ខែ ប៉ុន្តែជាមួយនឹងលក្ខខណ្ឌនៅពេលនេះ ហើយការកែប្រែកម្មវិធីប្រកួតលីគតាមបណ្ដាប្រទេសក្នុងតំបន់ទាំង១១ និងពានរង្វាន់របស់ AFCមិនទាន់បានសម្រេចពេលវេលាច្បាស់លាស់នៅឡើយដើម្បីបញ្ចប់ការប្រកួតជើងឯកប្រចាំឆ្នាំ ផងដែរនោះ ក៏ជាកត្តាផងដែរ។

វីរុស COVID-19 ដែលបានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ប្រទេសចិន បាននាំឲ្យការប្រកួតបាល់ទាត់ស្ទើរជុំវិញពិភពលោក បានសម្រេចផ្អាក ក៏ដូចជា ពន្យាពេលជាបន្តបន្ទាប់ ដើម្បីបង្ការ ការរីករាលដាល នៃវីរុសនេះ៕

Most Popular

To Top