ព្រឹត្តិការណ៍

បេសកកម្មយូអិន នៅអាហ្វហ្គានីស្ថាន ជំរុញឲ្យឈប់វាយប្រហារ លើជនស៊ីវិល

បរទេស ៖ បេសកកម្មជំនួយ របស់អង្គការសហប្រជាជាតិប្រចាំ នៅប្រទេសអាហ្វហ្គានីស្ថាន នាពេលថ្មីៗនេះ បានអំពាវនាវឲ្យឈប់ទង្វើ ប្រកបដោយហិង្សា ទៅលើជនស៊ីវិល ក្រោយពីមានមនុស្សជាតិ១០០នាក់ បានស្លាប់ និងមនុស្សដទៃ ជាច្រើននាក់ទៀត បានរងរបួសនៅក្នុង ហេតុការណ៍វាយប្រហារ នៅក្នុងខែនេះ។

តាមសេចក្តីរាយកាណ៍ បេសកកម្មអង្គការសហប្រជាជាតិ ហៅកាត់ថា UNAMA នេះ បានជំរុញគ្រប់ភាគីទាំងអស់ ដែលពាក់ព័ន្ធក្នុងដំណើរតស៊ូដោយយោធា នយោបាយ និងសាសនា នៅអាហ្វហ្គានីស្ថាន ឲ្យកាត់បន្ថយបន្ថែមទៀត នូវកម្រិតនៃអំពើហិង្សា និងចាត់គ្រប់វិធានការទាំងអស់ ដើម្បីការពារជនស៊ីវិល និងធ្វើការងារឆ្ពោះទៅរកបទឈប់បាញ់គ្នា និងដំណោះស្រាយនយោបាយយូរអង្វែង។

គួរបញ្ជាក់ថា បេសកកម្មអង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន បានធ្វើការអំពាវនាវបែបនេះ ក្រោយប៉ុន្មានម៉ោងបន្ទាប់មានមនុស្សតិចបំផុត២៥នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃពុធ នៅក្នុងការ វាយប្រហារមួយ ទៅលើព្រះវិហារ Silk នៅសហគមន៍ Shorbazar ទីក្រុងកាប៊ុល ហើយអ្នកមានភក្តីភាពចំពោះក្រុមរដ្ឋឥស្លាមជ្រុលនិយម បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនោះ ក៏ដូចជាការវាយប្រហារកាលពីថ្ងៃទី០៦ ខែមីនា ដែលសម្លាប់មនុស្សអស់៣៤នាក់ផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top