ព្រឹត្តិការណ៍

អាមេរិកនិយាយថា ប្រតិបត្តិការយោធា នៅក្រៅប្រទេស មិនប៉ះពាល់អ្វីឡើយ ក្នុងស្ថានភាពផ្ទុះខ្លាំងនៃកូរ៉ូណា

បរទេស៖ កាលពីថ្ងៃសៅរ៍ ទី២៨ មីនា ឧត្តមសេនីយ៍អាមេរិកម្នាក់ បានធ្វើការលើកឡើងយ៉ាងច្បាស់ៗថា ប្រតិបត្តិការយោធាទាំងឡាយ របស់សហរដ្ឋអាមេរិក នៅឯក្រៅប្រទេស មិនបានទទួលរងផលប៉ះពាល់ ពីការឆ្លងរាតត្បាតវីរុសកូរ៉ូណានោះទេ។

លោកមេបញ្ជាការ John Hyter ជាអនុប្រធាន នៃកងកម្លាំងទទួលបន្ទុក កិច្ចការងារកងទ័ព បានបញ្ជាក់ទៀតថា បេសកកម្មដែលកំពុងមានបច្ចុប្បន្ន របស់យោធាអាមេរិក នៅទូទាំងសកលលោក គឺនៅតែបន្តធ្វើដូចធម្មតា ទៅតាមផែនការនិងការណែនាំ ដូចពីមុនដដែល ដែលបានធ្វើឡើង តាំងតែពីប៉ុន្មានខែមុនមកម្ល៉េះ។

ទោះបីជាយ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានទទួលស្គាល់ថា មានករណីឆ្លង ទៅលើកងកម្លាំងរបស់ខ្លួន នៅក្រៅប្រទេសច្រើនករណីដែរ ប៉ុន្តែវាមានទំហំតិចតួចបំផុត ធៀបទៅនឹងចំនួនយោធារបស់ខ្លួន ដែលវានឹងមិនអាច ធ្វើឲ្យមានឥទ្ធិពល ដល់ការប្រតិបត្តិការណាមួយសោះឡើយ។

គួររំលឹកដែរថា កាលពីថ្ងៃពុធ សប្តាហ៍កន្លងទៅ ប៉ង់តាហ្គោនធ្លាប់បានបញ្ជាក់ថា ពីផែនការផ្អាកប្រតិបត្តិការ សកម្មភាពយោធា នានានៅក្រៅប្រទេសចំនួន២ខែ នៅទូទាំងពិភពលោក រួមទាំងការវិលត្រឡប់នៃយោធា ដែលត្រូវមានកាតព្វកិច្ច ត្រឡប់មកស្រុកកំណើតវិញផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top