កីឡា

លោក វ៉ាត់ ចំរើន៖ ប្រទេសជប៉ុន ខាតបង់១២ពាន់លានដុល្លារ សម្រាប់ការលើកពេល ប្រកួតកីឡាអូឡាំពិក រដូវក្ដៅឆ្នាំនេះ

ភ្នំពេញ៖ ប្រទេសជប៉ុន ដែលគ្រោងចំណាយ នូវថវិកាចំនួន១២ពាន់លានដុល្លារ សម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក រដូវក្ដៅនាឆ្នាំ២០២០នេះ ត្រូវទទួលការខាតបង់យ៉ាងច្រើន ខណៈដែលព្រឹត្តិការណ៍នេះ ត្រូវពន្យារពេលទៅឆ្នាំក្រោយនោះ ដោយសារតែមេរោគកូរ៉ូណា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាអូឡាំពិក គឺជាសិទ្ធរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) តែប្រទេសដែលជាម្ចាស់ផ្ទះ ត្រូវធានាលើហេដ្ឋារចនាសម្ព័ន្ធ សុវត្ថិភាពនានា ក្នុងអម្លុងពេលនៃការប្រកួត។
សំបុត្រសម្រាប់ចូលទស្សនា ត្រូវបានគេកក់ និងទិញរួចហើយ ក្នុងរង្វង់ទឹកប្រាក់ចំនួន ប្រមាណ៧លានដុល្លារ ដែលបញ្ហានេះ គណៈកម្មាធិការជាតិអូឡាំពិកជប៉ុន ត្រូវដោះស្រាយជាមួយអតិថិជនរបស់ខ្លួន ដោយការបង្វិលប្រាក់សងវិញ ឬ ក៏ត្រូវមានការលើកទឹកចិត្ត ដោយឡែកមួយ នៅពេលដែលការប្រកួត នាឆ្នាំក្រោយឈានមកដល់នោះ ។

លោកបានបន្តថា ផលប៉ះពាល់ជាមួយផ្នែកឯកជន (Sponsor) ក៏ជារឿងឈឺក្បាលមួយ ដែលត្រូវប្រឈម ក្នុងការដោះស្រាយពិសេស សិទ្ធិនៃការលក់ព្រឹត្តិការណ៍នេះ ទៅឲ្យទូរទស្សន៍ ក៏មិនមែនជារឿងសាមញ្ញដែរ នៅពេលដែលព្រឹត្តិការណ៍នេះ ត្រូវបានពន្យារដោយសារមេរោគ Covid-19 ដែលកំពុងតែរាតត្បាត ពិភពលោកយើងនេះ ។

ភូមិកីឡា (Sport Vilage ) ដែលកំពុងសាងសង់ ដែលភូមិកីឡានេះ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍អូឡាំពិក នឹងត្រូវកែសម្រួលឲ្យទៅជាខុនដូ ដើម្បីលក់ឲ្យប្រជាពលរដ្ឋរបស់ខ្លួន ដែលពេលនេះ ភូមិកីឡាត្រូវបានផ្អាកការសាងសង់ ក្នុងខណៈដែលបន្ទប់ជាច្រើន ត្រូវបានប្រជាពលរដ្ឋកក់លុយ រួចទៅហើយនោះ ។

លោកអគ្គលេខាធិការ បានបន្ថែមទៀតថា ប្រទេសជប៉ុន ពិតជាកំពុងតែរងនូវផលប៉ះពាល់ បែបនេះមែន តែទោះជាយ៉ាងណា ក៏ដំណោះស្រាយ ត្រូវតែមានដោយសមស្រប។
ព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០នេះ គ្រោងនឹងសម្ភោធន៍បើកការប្រកួត នៅថ្ងៃទី២៤ កក្កដា ឆ្នាំ២០២០នៅពហុកីឡដ្ឋាន New National Stadium នាទីក្រុងតូក្យូ ។ ព្រឹត្តិការណ៍នេះ មានអត្តពលិកចូលរួម ប្រមាណ១១.០៩១នាក់ ។ កីឡាដែលដាក់ឲ្យប្រកួត មានចំនួន៣៣ប្រភេទ ដែលមានចំនួន២២៩វិញ្ញាសា ៕

Most Popular

To Top