បរទេស៖ មន្ត្រីទ័ពជើងទឹកជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប បាននិយាយនៅក្នុងសប្ដាហ៍នេះថា ទ័ពជើងទឹកនឹងផ្តល់កុងត្រាខ្លះៗ ឲ្យលឿនជាងការគ្រោងទុក នៅក្នុងដំណើរការខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ផលប៉ះពាល់ បណ្ដាលមកពីការផ្ទុះឆ្លង នៃជម្ងឺកូវីដ១៩ លើឧស្សាហកម្មការពារជាតិ។
លោក James Geurts ជាអនុលេខាធិការទ័ពជើងទឹក ទទួលបន្ទុកផ្នែកស្រាវជ្រាវ អភិវឌ្ឍន៍និងទិញសម្ភារៈ ផ្នែកជើងទឹក បាននិយាយប្រាប់អ្នកសារព័ត៌មានថា ទ័ពជើងទឹកកំពុងតែគ្រោង លើការផ្តល់កុងត្រានានា សម្រាប់គោលគម្រោងផ្សេងៗ ដែលត្រូវបានអនុញ្ញាត និងសម្របសម្រួលរួចហើយ ដោយសភា ដូចជាកិច្ចព្រមព្រៀង ១,៦ពាន់លាន សម្រាប់យន្តហោះ P-8 ជាដើម។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា លោក James Geurts បានមានប្រសាសន៍ថា ការផ្តល់ឲ្យកុងត្រាធំៗ នាពេលបច្ចុប្បន្ននេះ នឹងធ្វើឲ្យប្រាកដថា ក្រុមហ៊ុនផ្គត់ផ្គង់នានា ទទួលបានប្រាក់បង់លឿន ហើយនិងអាចបង់ប្រាក់ ឲ្យបន្តទៅក្រុមហ៊ុនផ្គត់ផ្គង់តូចៗ របស់ខ្លួន៕ ប្រែសម្រួល៖ប៉ាង កុង