តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ថា នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមត្រៀម សម្រាប់ការប្រកាសរដ្ឋស្ថិតក្នុងគ្រាអាសន្ន ដោយការផ្ទុះឡើង វីរុសកូរ៉ូណា ខណៈដែលការឆ្លងបានកើនឡើងខ្ពស់ នៅក្នុងរដ្ឋធានីតូក្យូ និងតំបន់ជាច្រើនទៀត ។
លោក ស៊ិនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រី ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នា នៅយប់ថ្ងៃចន្ទនេះ ជាមួយក្រុមអ្នកជំនួយការប្រឹក្សាយោបល់ របស់រដ្ឋាភិបាល ទៅលើការឆ្លងជាសកល ជាមួយគ្នានេះដែរ មានរបាយការណ៍អំពីការរាលដាល ដែលថា គាត់នឹងប្រកាសរដ្ឋស្ថិតក្នុងគ្រាអាសន្ននៅពេលឆាប់ៗនេះ ពោលគឺ ថ្ងៃអង្គារ ។
ការត្រៀមនេះបានធ្វើឡើង ខណៈដែលមានការឆ្លងរាលដាល ទោះបីជាកន្លងមកមានការឆ្លង នូវបរិមាណតិចតួចជាងនៅតំបន់អឺរ៉ុប ឬសហរដ្ឋអាមេរិក ក្តី ។
ក្រុងតូក្យូ បានប្រកាសនៅក្នុងកំណត់ត្រាថា មាន១៤៨ករណី គិតត្រឹមថ្ងៃអាទិត្យ និងមានសម្ពាធកើនឡើង មកលើរដ្ឋាភិបាលដើម្បីចាត់វិធានការណ៍បន្ទាន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា