ព្រឹត្តិការណ៍

ជប៉ុន កំពុងពិចាណាផ្តល់ថ្នាំ Avigan ដល់ប្រទេសរាប់ សិបប្រទេស ដោយមិនគិតថ្លៃ ដើម្បីព្យាបាល អ្នកជំងឺកូវីដ១៩

បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាល កំពូលជប៉ុន បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលជប៉ុន កំពុងពិចារណា ក្នុងការផ្តល់ថ្នាំប្រឆាំង នឹងជំងឺផ្តាសាយឈ្មោះ Avigan ដោយឥតគិតថ្លៃ ដល់ប្រទេសនានា ដែលកំពុងស្វែងរកប្រើប្រាស់ថ្នាំនេះ ដើម្បីព្យាបាលអ្នក ដែលមានផ្ទុកមេរោគកូរ៉ូណាថ្មី ឬកូវីដ១៩។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានលេខាធិការនៃគណៈរដ្ឋមន្រ្តីជប៉ុន គឺលោក Yoshihide Suga បាននិយាយនៅក្នុងសន្និសីទកាសែតថា « ប្រទេសចំនួន ៣០ បានធ្វើការស្នើសុំតាមរយៈបណ្តាញការទូត ប្រចាំនៅប្រទេសជប៉ុន ដើម្បីទទួលបានថ្នាំ Avigan» ។ Avigan ជាថ្នាំដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Fujifilm Holdings Corp ត្រូវបានគេមើលឃើញថា មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺ Covid-19 ដែលបង្កឡើងដោយវីរុសកូរ៉ូណា។

លោក Suga បានមានប្រសាសន៍ថា « យើងមានបំណងពង្រីកការស្រាវជ្រាវ ទៅលើឱសថ Avigan ជាមួយបណ្តាប្រទេស ដែលមានបំណងចង់សហការ” ។

លោកនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានថ្លែងនៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលនឹងជំរុញការអភិវឌ្ឍថ្នាំនិងវ៉ាក់សាំងរួមទាំងឱសថ Avigan ផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតធ្ងន់ធ្ងរ បង្កឡើងដោយវីរុសកូរ៉ូណា។

ចំណែកក្រុមហ៊ុន Fujifilm Toyama Chemical Co បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានចាប់ផ្តើមធ្វើតេស្តយ៉ាងល្អិតល្អន់ដើម្បីវាយតម្លៃប្រសិទ្ធភាពនៃថ្នាំដែលត្រូវបានគេស្គាល់ថា Favipiravir ចំពោះអ្នកជំងឺ Covid-19 ។

កាលពីថ្ងៃព្រហស្បតិ៍ក្រសួងសុខាភិបាល អាល្លឺម៉ង់បាននិយាយថា ខ្លួននឹងស្វះស្វែងរកទិញថ្នាំ Avigan ជាថ្នាំព្យាបាលសម្រាប់វីរុសកូរ៉ូណាថ្មី។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាល្លឺម៉ង់ បានផ្សាយថា ក្រសួងសុខាភិបាលអាល្លឺម៉ង់ នឹងទិញថ្នាំជាច្រើនលានគ្រាប់ ដើម្បីព្យាបាលអ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរ។

ការសិក្សារបស់អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យវូហាន និងស្ថាប័នដទៃទៀតនៅប្រទេសចិន បានបង្ហាញករណីដែល Avigan ដែលមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសថ្មីនេះ ជាពិសេសសម្រាប់ការព្យាបាល អ្នកដែលមានរោគសញ្ញាស្រាល។

សូមជម្រាបថា ថ្នាំដែលមានឈ្មោះថា Avigan ត្រូវបានផលិត និងស្តុកទុកនៅប្រទេសជប៉ុន ជាថ្នាំប្រឆាំង នឹងជំងឺផ្តាសាយ ។ គេសង្ឃឹមថា វាក៏អាចជួយព្យាបាល ជំងឺផ្សេងៗទៀតរួមទាំងអេបូឡាក៏ដូចជាជំងឺ ដែលបង្កឡើងដោយចៃ របស់សត្វសុនខខាំផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top