បរទេស៖ស្ថាបនិកក្រុមហ៊ុន Microsoft លោកមហាសេដ្ឋី ប៊ៀល ហ្គេត តាមសេចក្តីរាយការណ៍ បានយល់ព្រមសហការជាមួយប្រទេសកូរ៉េខាងត្បូង លើការអភិវឌ្ឍផលិតថ្នាំវ៉ាក់សាំងសម្រាប់ការពារវីរុសកូវីដ១៩ នៅក្នុងអំឡុងកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទមួយ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃសុក្រសប្ដាហ៍នេះ។
នៅក្នុងអំឡុងកិច្ចសន្ទនាពិភាក្សាគ្នាពេល២៥នាទីនោះ លោក ប៊ៀល ហ្គេត បានមានប្រសាសន៍ថា លោកចង់ជួបលោក មូន ជេអ៊ីន ដោយផ្ទាល់ ដើម្បីអរគុណលោកដែលខិតខំប្រឹងប្រែង ហើយលោកបានបន្តទៀតថា លោកប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហាញនូវភាពជាអ្នកដឹកនាំ។
គួរបញ្ជាក់ថា លោក ប៊ៀល ហ្គេត ដែលបានធ្វើការព្យាករណ៍នៅក្នុងកម្មវិធី TED Talk កាលពីឆ្នាំ២០១៥ថា វីរុសអាចនឹងបង្កការគម្រាមកំហែងកាន់តែធំឡើង ចំពោះមនុស្សជាតិខ្លាំងគ្រាប់មីស៊ីល នៅក្នុងពេលប៉ុន្មានទសវត្សខាងមុខនោះ បានពិពណ៌នាវិធីសាស្ត្រកូរ៉េខាងត្បូងចំពោះការដោះស្រាយវីរុសកូវីដ១៩ថា ជាទម្រង់សកលមួយ៕ ប្រែសម្រួល៖ប៉ាង កុង