ព្រឹត្តិការណ៍

អាមេរិក ដកយន្តហោះ ទម្លាក់គ្រាប់បែក ៥គ្រឿង ចេញពីកោះហ្គាម ដែលធ្លាប់ប្រចាំការ កោះនេះ ១៦ឆ្នាំមកហើយ

បរទេស៖ កងទ័ពអាកាសអាមេរិក បានបញ្ចប់ការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក ជាប្រចាំរយៈពេល ១៦ ឆ្នាំ ដោយស្ងាត់ស្ងៀម នៅកោះហ្គាម របស់ប៉ាស៊ីហ្វិកភាគខាងលិច។ នៅពេលយន្តហោះ ទម្លាក់គ្រាប់បែក B-52 Stratofortress ចំនួន ៥ គ្រឿងបានវិលត្រឡប់ មកសហរដ្ឋអាមេរិកវិញ នៅថ្ងៃព្រហស្បតិ៍នេះ មិនមានយន្តហោះណាមួយមកជំនួសនោះទេ។ មន្ទីរបញ្ចកោណ មិនបានផ្តល់ការពន្យល់ណាមួយនោះទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៤ មន្ទីរប៉ង់តាហ្គោន បានអនុវត្តនូវអ្វី ដែលគេហៅថា បេសកម្មបន្តវត្តមានយន្តហោះ ទម្លាក់គ្រាប់បែក (CBP) នៅក្នុងការរក្សាទ័ពអាកាស នៃយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ នៅលើកោះសមុទ្រហ្វីលីពីន។ ទោះយ៉ាងណា នេះជាលើកដំបូងក្នុងរយៈពេល ១៦ ឆ្នាំ ដែលមិនមានយន្តហោះ ទម្លាក់គ្រាប់បែករបស់អាមេរិក នៅលើកោះហ្គាំ។

អ្នកតាមដានយន្ដហោះ តាមអ៊ិនធឺរណែត AircraftSpots បានរាយការណ៍ ពីការចាកចេញ របស់យន្តហោះទម្លាក់គ្រាប់បែក B-52H ចំនួន ៥ គ្រឿង ពីមូលដ្ឋានទ័ពអាកាស Andersen កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែយោងទៅតាម The Drive’s The War Zone មិនទាន់មានយន្តហោះណាមួយមកដល់ ដើម្បីជំនួសអ្នកទម្លាក់គ្រាប់បែក ទាំងនោះនៅឡើយទេ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top