បរទេស៖រូបថតពីផ្កាយរណប ដែលថតបានកាលពីថ្ងៃអង្គារនិងថ្ងៃពុធសប្ដាហ៍នេះ បានបង្ហាញថា កប៉ាល់ដ៏ធំមួយគ្រឿង ដែលគេប្រើប្រាស់សម្រាប់ដឹកជញ្ជូនធ្យូងថ្ម ត្រូវបានគេប្រទះឃើញបង្ហាញខ្លួន នៅកំពង់ផែ Nampo ប្រទេសកូរ៉េខាងជើង។
មន្ទីរពិសោធន៍ Planet Labs ដែលជាក្រុមហ៊ុនថតរូបតាមផ្កាយរណបនិងវិភាគ បានថតរូបកប៉ាល់ដឹកធ្យូងថ្មចតនៅកំពង់ផែ សម្រាប់ជាលើកដំបូង នៅក្នុងរយៈពេលពីរខែ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នា់ងារសារព័ត៌មានកូរ៉េរបស់ Voice of America នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
សេចក្តីរាយការណ៍នោះ បាននិយាយថា រូបភាពពីផ្កាយរណបដែលថតបានកាលពីថ្ងៃពុធ បានបង្ហាញថា កប៉ាល់នោះ នៅតែស្ថិតនៅកន្លែងដដែល ហើយនៅជិតកប៉ាល់នោះ គឺមានរបស់ពណ៌ខ្មៅ នៅលើផែ ដែលទំនងជាគំនរធ្យូងថ្ម៕ ប្រែសម្រួល៖ប៉ាង កុង