អាមេរិក៖ លោក Elon Musk បង្ហើបឲ្យដឹងថា ក្រុមហ៊ុន SpaceX នឹងបើកដំណើរការ សេវាកម្មអ៊ីនធើណេត Starlink របស់ខ្លួន ក្នុងរយៈពេលត្រឹមតែ៦ ខែប៉ុណ្ណោះ ហើយវាអាចក្លាយជាការពិត សម្រាប់ក្តីសុបិន្តរបស់លោកកន្លងមក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
នាយកប្រតិបត្តិក្រុមហ៊ុន SpaceX បានប្រកាសនៅលើបណ្តាញសង្គម Twitter ថា សេវាកម្មរបស់ក្រុមហ៊ុន Starlink នឹងអាចរកបាននៅទីតាំងមួយចំនួន ក្នុងរយៈពេល៦ខែ ដោយមានការសាកល្បងឯកជន ក្នុងរយៈពេលតែ ៣ ប៉ុណ្ណោះ។
លោក Musk បានកត់សម្គាល់កាលពីពេលមុនថា គម្រោងនេះ ត្រូវការយ៉ាងហោចណាស់ ផ្កាយរណបចំនួន ៤០០ គ្រឿង ដើម្បីបើកដំណើរការហើយ ប៉ុន្មានថ្ងៃនេះលោកបាន បញ្ជូនឧបករណ៍ចំនួន ៦០ គ្រឿងទៀត ទៅក្នុងលំហអាកាស ដែលធ្វើឲ្យចំនួនសរុបកើនឡើងដល់ ៤២២ ។
គម្រោងនេះ មានគោលបំណងឲ្យឧបករណ៍ បង្កើតជាក្រុមផ្កាយរណប នៅជុំវិញភពផែនដីពីចម្ងាយ ២០០ ម៉ាយល៍ដល់ ៧០០ ម៉ាយល៍ពីលើផ្ទៃផែនដី និងបញ្ជូនទិន្នន័យទៅស្ថានីយ៍ ព្រមទំាងអតិថិជននៅលើដី។ SpaceX បានបាញ់រ៉ុក្កែត Falcon 9 របស់ខ្លួនកាលពីថ្ងៃពុធពីស្ថានីយ៍អវកាស Kennedy របស់ណាសានៅរដ្ឋផ្លរីដា។
រ៉ុក្កែតនេះបានដឹកផ្កាយរណប Starlink ថ្មីចំនួន ៦០ គ្រាប់នៅក្នុងកោណច្រមុះ ដែលបានដាក់ពង្រាយ ចូលទៅក្នុងគន្លងទាប ១៤ នាទីបន្ទាប់ពី Falcon បានហោះចេញ៕ ដោយ៖លី ភីលីព