ASUNCION ៖ កីឡាករបាល់ទាត់ដ៏ឆ្នើម របស់ប្រេស៊ីល Ronaldinho បានពណ៌នាពេលវេលារបស់គាត់ នៅក្នុងគុកប៉ារ៉ាហ្គាយថា ជាការលំបាកមួយ ហើយនិយាយថា លោកមិនចង់បានអ្វី ក្រៅពីការជួបម្តាយរបស់លោកម្តងទៀតទេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
Ronaldinho និងបងប្រុសរបស់លោក ឈ្មោះ Roberto Assis បានស្ថិតនៅក្រោមការចាប់ខ្លួន នៅក្នុងប្រទេសអាមេរិកខាងត្បូង ចាប់តាំងពីដើមខែមីនា ពីបទប្រើលិខិតឆ្លងដែនក្លែងក្លាយ។ អ្នកទាំង២នាក់ ត្រូវបានឃុំខ្លួននៅពន្ធនាគារ ដែលមានសន្តិសុខខ្ពស់បំផុត នៅក្នុងរដ្ឋធានីអាហ្សុននីស អស់រយៈពេលជាងមួយខែ ប៉ុន្តែបានផ្លាស់ ទៅសណ្ឋាគារប្រណីត បន្ទាប់ពីបង់ប្រាក់ចំនួន ១,៦ លានដុល្លារ។
ក្នុងការសម្ភាសប្រព័ន្ធផ្សព្វផ្សាយ លើកដំបូងរបស់ លោក Ronaldinho បានប្រាប់ទូរទស្សន៍ ABC របស់ប្រទេស Paraguayan ថា វាគឺជាការលំបាកមួយ ខ្ញុំមិនដែលគិតថា ខ្ញុំនឹងឆ្លងកាត់ស្ថានភាពបែបនេះទេ” ។ ពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំបានព្យាយាមឈាន ដល់កម្រិតអាជីពខ្ពស់បំផុត ដែលអាចធ្វើបាន និងធ្វើឲ្យមនុស្សសប្បាយរីករាយ ជាមួយនឹងបាល់ទាត់របស់ខ្ញុំ។
អតីតតារាឆ្នើមរបស់ក្រុម Barcelona រូបនេះ បានធ្វើដំណើរជាមួយ Assis ទៅកាន់ប្រទេសប៉ារ៉ាហ្គាយ នៅថ្ងៃទី ៤ ខែមីនា ដើម្បីចូលរួមសកម្មភាពផ្សព្វផ្សាយ។ ពួកគេត្រូវបានចាប់ខ្លួននៅថ្ងៃនោះ ពីបទចូលប្រទេស ដោយមានឯកសារធ្វើដំណើរក្លែងក្លាយ៕ ដោយ៖លី ភីលីព