វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ថា ទិន្នន័យចុងកក្រោយបានបង្ហាញឲ្យដឹងថា ពលរដ្ឋជាង១លាននាក់ នៅសហរដ្ឋអាមេរិក បានឆ្លងជំងឺកូវីដ១៩ ជាមួយគ្នានេះដែរ ចំនួននៃអ្នកស្លាប់បានកើនឡើងជាង៥៧.០០០នាក់ គិតត្រឹមថ្ងៃអង្គារ ។
សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ១៩របស់សហរដ្ឋអាមេរិក បានកើនឡើងលើសពី១លាននាក់ គិតត្រឹមរសៀលថ្ងៃអង្គារ ពោលគឺបានកើនឡើងដល់១.០០២,៤៩៨នាក់ គិតត្រឹមម៉ោង១និង៥៥នាទីល្ងាច ត្រូវនឹងម៉ោង១៧និង៥៥នាទី ម៉ោងសកល ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់វិញ បានកើនឡើងដល់៥៧.២៦៦នាក់ ។
ក្រុងញ៉ូវយ៉ក នៅតែឈរលើលំដាប់កំពូលដែលមានអ្នកស្លាប់ និងឆ្លងជំងឺច្រើនជាងគេក្នុងចំណោមរដ្ឋដែលរងនូវផលប៉ះពាល់ដោយជំងឺកូវីដ១៩ ដោយមានអ្នកឆ្លងសរុប២៩១.៩៩៦នាក់ និងមានអ្នកស្លាប់២២.៦៦៨នាក់ បន្ទាប់មកមានរដ្ឋ New Jersey មានចំនួនន១១១.១៨៨ករណី និង៦.៤៤២នាក់ត្រូវបានរាយការណ៍ឲ្យដឹង ។ រដ្ឋផ្សេងៗទៀត មានអ្នកឆ្លងជាង៤០.០០០ករណី ក្នុងនោះមាន រដ្ឋម៉ាសាជូសិត អ៊ីលីណ័រ កាលីហ្វ័រនីញ៉ា និងប៉ែនស៊ីលវ៉ានៀ ។ សាកលវិទ្យាល័យខាងលើបានបញ្ជាក់ដូច្នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា