បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១ ខែឧសភា បានឲ្យដឹងថា តួលេខនៃអ្នកស្លាប់បាត់បង់ជីវិត នៅក្នុងប្រទេសអង់គ្លេស បានកើនឡើងដល់២៦៧១១នាក់ហើយ ដែលក្នុងនោះ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានអះអាងថា ដំណាក់អាក្រក់បំផុតនោះ ត្រូវបានឆ្លងកាត់រួចរាល់ហើយ។
លោក Johnson ដែលបានថ្លែងប្រាប់ ទៅកាន់ក្រុមកាសែតនៅថ្ងៃដំបូង នៃការចាប់ផ្តើមបំពេញការងាររបស់គាត់វិញ ក្រោយសម្រាកព្យាបាលកូវីដ១៩ បានជាសះស្បើយ១០០ភាគរយរួចមកថា អង់គ្លេសបានឆ្លងផុតរួចរាល់ហើយ នូវដំណាក់កាលដ៏អាក្រក់បំផុត នៃជំងឺរាតត្បាតមួយនេះ ហើយល្បឿននៃការរីករាលដាល ក៏បានថយចុះផងដែរ។
គួរឲ្យដឹងដែរថា រដ្ឋាភិបាលអង់គ្លេស នឹងបន្តការធ្វើតេស្តរកកូវីដ១៩ កាន់តែធំជាងមុន ដោយកន្លងមកមនុស្សប្រមាណជា ៩១០៩០៥នាក់ ត្រូវបានធ្វើតេស្តនៅទូទាំងប្រទេស ហើយត្រឹមថ្ងៃពុធ អង់គ្លេសអាចធ្វើតេស្ត បានទៅដល់៨១៦១១នាក់ហើយកំណត់គោលដៅថា នឹងធ្វើតេស្តឲ្យបានដល់ទៅ ១០០០០០នាក់ ក្នុងមួយត្រឹមចុងខែឧសភានេះ៕
ប្រែសម្រួល៖ស៊ុនលី