ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ថា យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន ផ្លូវការកណ្តាលកូរ៉េ ហៅកាត់ (KCNA) បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា កាលពីថ្ងៃសុក្រម្សិលមិញនេះ លោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើង បានចូលរួមធិពីកាត់ខ្សែបូ នៅរោងចក្រផលិតជីផូស្វាតមួយកន្លែង នៅក្នុងប្រទេស ។
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា “អ្នកចូលរួមទាំងអស់ បានស្រែកទ្រហ៊ោយំលាន់រំពង“ ដោយបង្ហាញនូវភាពរុងរឿងបំផុត ដល់មេដឹកនាំជាន់ខ្ពស់ ដែលបាននាំមកនូវការផ្លាស់ប្តូរថ្មីមួយ នៅក្នុងការអភិវឌ្ឍន៍វិស័យឧស្សាហកម្មជី ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ពិធីសម្ពោធរោងចក្រផលិតជី ស៊ុនឈុន ផូផាត់ថាក់ ដែលត្រូវបានសាងសង់ ជាមូលដ្ឋានផលិតជី ត្រូវបានរៀបចំឡើងយ៉ាងល្អ ចំថ្ងៃទិវាពលកម្ម ដែលជាថ្ងៃឈប់សម្រាកអន្តរជាតិ របស់ប្រជាជន ដែលធ្វើការនៅលើពិភពលោក ។
នៅក្នុងពិធីនោះដែរ លោក គីម បានពិនិត្យមើលជុំវិញ កន្លែងជាច្រើនរួមមាន ដំណើរការកែច្នៃវត្ថុធាតុដើម ដំណើរការផលិតជីផូស្វ័រលឿង ដែលដំណើរការ ផលិតជីផូស្វ័រអាម៉ូញ៉ូម និងដំណើរនៃការវេចខ្ចប់ ។
ទីភ្នាក់ងារ KCNA បានដកស្រង់សម្តីរបស់លោក ដោយបានថ្លែងថា “ឥឡូវនេះ វាបានក្លាយជាលទ្ធភាព សម្រាប់កម្មករកសិកម្ម ដើម្បីផ្តោតការខិតខំប្រឹងប្រែង របស់ពួកគេទាំងអស់ ដើម្បីទទួលបានគោលដៅគ្រាប់ធញ្ញជាតិ ដែលបានកំណត់ ដោយគណបក្ស ដោយមានការធានាគុណភាពត្រឹមត្រូវ” ។
លោក គីម ត្រូវបានចូលរួម ដោយប្អូនស្រីរបស់គាត់ គឺលោកស្រី គីម យ៉ូជុង ក៏ដូចជាមន្ត្រីជាន់ខ្ពស់ដទៃទៀត រួមទាំងលោក ប៉ា ផុងជុង សមាជិក គណៈប្រធានការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាល នៃគណបក្សពលករកូរ៉េ ផងដែរ ។
លោក ប៉ា ផុងជុង បានធ្វើសុន្ទរកថា បើកសម្ពោធមួយ ដោយលើកឡើងថា ការបញ្ចប់រោងចក្រ ក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលបាននាំមកនូវសេចក្តីរីករាយ ដល់កម្មករកសិកម្ម និងប្រជាជនដទៃទៀតនៅក្នុងប្រទេស ។
គួរបញ្ជាក់ថា នេះជាការបង្ហាញខ្លួន ជាសាធារណៈលើកដំបូង របស់មេដឹកនាំកំពូលកូរ៉េខាងជើង នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក្នុងរយៈពេលជាង២០ថ្ងៃ មកនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា