បរទេស៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Chung Sye-kyun បានមានប្រសាសន៍ នៅថ្ងៃអាទិត្យនេះថា ប្រទេសកូរ៉េខាងត្បូងនឹងបន្ធូរបន្ថយច្បាប់គន្លាត ទំនាក់ទំនងសង្គមបន្ថែមទៀត ចាប់ពីថ្ងៃទី០៦ ខែឧសភា ដោយអនុញ្ញាតឲ្យមានការបើកដំណើរការ ពាណិជ្ជកម្មឡើងវិញ ស្របពេលដែលប្រទេសប្រឹងប្រែងជាខ្លាំង ក្នុងការធ្វើឲ្យការផ្ទុះឆ្លងវីរុសកូរ៉ូណាស្ថិតនៅក្រោមការគ្រប់គ្រង។
លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បាននិយាយប្រាប់កិច្ចប្រជុំមន្ត្រីរដ្ឋាភិបាលដូច្នេះថា រដ្ឋាភិបាលនឹងអនុញ្ញាតឲ្យដំណើរការជំនួញឡើងវិញ នៅតាមអគារដែលស្ថិតនៅក្នុងការបិទរហូត ដល់ពេលបច្ចុប្បន្ននេះ ហើយក៏អនុញ្ញាតឲ្យមានការប្រមូលផ្តុំជួបជុំគ្នា និងឲ្យមានព្រឹត្តិការណ៍នានា ដោយធ្វើការសន្និដ្ឋានថា ពួកវាអនុវត្តទៅតាមគោលការណ៍ណែនាំមិនឲ្យឆ្លងវីរុស។
គួរបញ្ជាក់ថា ការបន្ធូរបន្ថយបន្ថែមនេះ គឺមានន័យថា បរិវេណសាធារណៈនានា ដូចជា សួនច្បារ បណ្ណាល័យ ក៏ដូចជាសាលារៀនផងដែរ អាចនឹងបើកឲ្យដំណើរការឡើងវិញ ជាលំដាប់លំដោយ ប៉ុន្តែមជ្ឈមណ្ឌលកូរ៉េ ទទួលបន្ទុកគ្រប់គ្រងនិងទប់ស្កាត់ជម្ងឺ បានណែនាំឲ្យប្រជាពលរដ្ឋ បន្តអនុវត្តការប្រុងប្រយ័ត្នមួយចំនួន នៅក្នុងជីវិតប្រចាំថ្ងៃ៕
ប្រែសម្រួល៖ប៉ាង កុង