វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃសៅរ៍ថា គាត់ មាន “ក្តីរីករាយ” អំពីការបង្ហាញខ្លួនរបស់លោក គីម ជុងអ៊ុន ហើយបានថ្លែងថា មេដឹកនាំកូរ៉េខាងជើង គឺបង្ហាញថា មានសុខភាពល្អណាស់ ។
លោក ត្រាំ បានថ្លែងនៅលើបណ្តាញសង្គម Twitter បន្ទាប់ពីលោក គីម បានបង្ហាញខ្លួនជាសាធារណ ជាលើកដំបូងជិត៣សប្តាហ៍ បន្ទាប់ពីអវត្តមានដែលជា ការសង្ស័យយ៉ាងខ្លាំងថា គាត់មានជំងឺធ្ងន់ធ្ងរ ឬក៏អាចទទួលមរណភាព ថា “ក្នុងនាមខ្ញុំ ដែលជាមនុស្សម្នាក់ គឺរីករាយណាស់ ដែលបានឃើញគាត់វិលមកវិញ ហើយមានសុខភាពល្អ” ។
ទូរទស្សន៍រដ្ឋរបស់កូរ៉េខាងជើង បានបង្ហាញការធ្វើដំណើររបស់លោក គីម ជាមួយនឹងស្នាមញញឹម និងជក់បារីមួយដើមផងដែរ នៅទីតាំងរោងចក្រផលិតជីមួយកន្លែង ដែលបើកឲ្យដំណើរការ នៅខេត្ត Sunchon កាលពីថ្ងៃសុក្រ ដែលស្ថិតនៅប៉ែកខាងជើងក្រុងព្យុងយ៉ាង ។
ពាក្យចចាមអារ៉ាមជាច្រើន បានលើកឡើងអំពីសុខភាព របស់លោក គីម ចាប់តាំងពីមិនមានវត្តមានរបស់លោក នៅក្នុងថ្ងៃខួបគម្រប់ការស្លាប់របស់ជីតារបស់គាត់ ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី១៥ ខែមេសា កន្លងទៅនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា