បរទេស៖ដោយសម្អាងដល់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប កាសែតកូរ៉េខាងត្បូង យុនហាប់ បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនបានទទួលការវះកាត់នោះទេ នៅក្នុងអំឡុងពេលបាត់មុខមិនបង្ហាញខ្លួនជាសាធារណៈអស់ពេលជិត៣សប្ដាហ៍នោះ។
កាសែតកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍ថា មន្ត្រីកូរ៉េខាងត្បូង បានបដិសេធមិនផ្តល់មូលហេតុ ចំពោះការជឿថា លោក គីម ជុងអ៊ុន មិនបានទទួលការវះកាត់នោះទេ ប៉ុន្តែបាននិយាយថា សេចក្តីរាយការណ៍មិនច្បាស់លាស់ ដែលថា លោកអាចធ្វើការវះកាត់ ដោយសំអាងដល់ភាពខុសប្លែកខ្លះ ចំពោះចលនាដំណើរជើងរបស់លោកនោះ គឺមិនពិតនោះទេ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃអាទិត្យនេះ កូរ៉េខាងជើងនិងកូរ៉េខាងត្បូង បានធ្វើការបាញ់គ្នានៅប៉ុស្តិ៍ព្រំដែន បង្កឲ្យមានភាពតានតឹងកើនឡើង ក្រោយមួយថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានបង្ហាញថា លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចរោងចក្រមួយកន្លែង ហើយនោះជាសេចក្តីរាយការណ៍ដំបូងនៃការបង្ហាញខ្លួនជាសាធារណៈរបស់មេដឹកនាំកូរ៉េខាងជើងរូបនោះ គិតចាប់តាំងពីថ្ងៃទី១១ ខែមេសាមក៕ ប្រែសម្រួល៖ប៉ាង កុង