បរទេស៖ មន្ទីរបញ្ចកោណ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង នៅតែត្រៀមលក្ខណៈជាស្រេច ដើម្បីការពារទប់ទល់ នឹងប្រទេសកូរ៉េខាងជើង និងបានបន្តហ្វឹកហ្វឺន កងទ័ពរបស់ខ្លួន។
យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ដោយពោលសំដៅដល់ពាក្យស្លោក របស់កងកម្លាំងសម្ពន្ធមិត្តនោះ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក Jonathan Hoffman បាននិយាយនៅក្នុងអំឡុង សន្និសីទកាសែតមួយថា “យើងតែងតែត្រៀមលក្ខណៈជាស្រេច ដើម្បីប្រយុទ្ធនៅយប់នេះ”។
មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណរូបនេះ បានមានប្រសាសន៍បន្តទៀតថា “យើងនៅតែបន្ត ជាមួយវគ្គហ្វឹកហាត់ យើងនៅតែបន្តធ្វើសមយុទ្ធ យើងនៅតែបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីត្រៀមខ្លួនជាស្រេច សម្រាប់ហេតុការណ៍អ្វីមួយ កើតមានឡើង នៅក្នុងប្រទេសកូរ៉េខាងជើង”៕ ប្រែសម្រួល៖ប៉ាង កុង