សេអ៊ូល៖ ទិន្នន័យបានបង្ហាញ កាលពីថ្ងៃច័ន្ទថា គ្មានករណីឆ្លងមេរោគកូវីដ-១៩ ពីការឆ្លងសហគមន៍ ត្រូវបានគេរាយការណ៍ នៅក្នុងទីក្រុងសេអ៊ូល រយៈពេលពីរសប្តាហ៍ជាប់គ្នា នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
យោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយរដ្ឋាភិបាលក្រុងសេអ៊ូល បានឱ្យដឹងថា ការឆ្លងមេរោគសរុប នៅក្នុងរដ្ឋធានីបានកើនឡើងដល់ ៦៣៧ នាក់គិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃច័ន្ទ ដោយមានមនុស្ស ១៥៤ នាក់កំពុងទទួលការព្យាបាល។
ពីរនាក់បានស្លាប់ ខណៈដែលអ្នកជំងឺ ៤៨១ នាក់ ឬ ៧៦ ភាគរយត្រូវបានដោះលែង បន្ទាប់ពីមានការជាសះស្បើយ។ ទិន្នន័យបានបង្ហាញថា ប្រហែលជា ៤០ ភាគរយនៃការឆ្លងបានទាក់ទង ទៅនឹងករណីដែលបាននាំចូល ដោយការឆ្លងថ្មីៗបំផុតរបស់ទីក្រុង ក៏មកពីករណីនាំចូលដែរ៕ ដោយ៖ ឈូក បូរ៉ា