កីឡា

លោក សុខ សប្បាយណា បើកកិច្ចប្រជុំពិនិត្យ ការអនុវត្តថវិកាគាំទ្រ របស់ក្រសួងអប់រំ ជាមួយសហព័ន្ធ កីឡាជាតិទំាង១៥

ភ្នំពេញ ៖ លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡានាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំ ការអនុវត្តថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES នៅនាយកដ្ឋានអប់រំកាយ និងកីឡា ។

កិច្ចប្រជុំការអនុវត្តថវិកាគាំទ្រ របស់ក្រសួងអប់រំ លោក សុខ សប្បាយណា នឹងជួបសហព័ន្ធកីឡាជាតិ ចំនួន១៥ ប៉ុន្តែក្នុងនោះលោកបានជួបតែ១២ទេ ដោយសហព័ន្ធកីឡាជាតិ២ ផុតអាណត្តិឆ្នាំចាស់ និងសហព័ន្ធកីឡាជាតិអវត្តមាន ។ សហព័ន្ធកីឡាជាតិ ដែលមានការចូលរួម ពីសហព័ន្ធកីឡាល្បុក្កតោកម្ពុជា សហព័ន្ធសូហ្វតិន្នីសកម្ពុជា សហព័ន្ធកីឡាវាយកូនឃ្លីលើកតុ សហព័ន្ធកីឡាគុនដាវកម្ពុជា សហព័ន្ធកីឡាវាយសីកម្ពុជា សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ។

ចំណែកថ្ងៃនេះលោកជួប សហព័ន្ធកីឡាអុកកម្ពុជា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា សហព័ន្ធកីឡាហុកគ្រីកម្ពុជា និងសហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា ។ ក្នុងកិច្ចប្រជុំនោះដែរ លោកបានមានប្រសាសន៍ ជម្រាបជូនសហព័ន្ធកីឡាជាតិ ស្តីពីគោលការណ៍ហិរញ្ញវត្ថុ ក្នុងការអនុវត្តថវិកា ដែលក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ជូនទៅសហព័ន្ធនីមួយៗ និងស្តាប់នូវបញ្ហាប្រឈម និងសំណូមពរ របស់សហព័ន្ធក្នុងការអនុវត្តថវិកា ។
ដោយ៖លី ភីលីព

Most Popular

To Top