ចិន ៖ បើយោងតាមសារព័ត៌មាន Shanghai Securities ចេញផ្សាយថា ឧស្សាហកម្មហ្គេមតាមទូរស័ព្ទ ទទួលបានប្រាក់ ចំណូលចំនួន ៥៥ ពាន់លានយ័ន នៅក្នុងទីផ្សារក្នុងស្រុក ពីខែមករាដល់ខែមីនា ដែលឈានដល់ កម្រិតខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រជាមួយ នឹងការកើនឡើងជាង ៤៩ ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
រងផលប៉ះពាល់ពីការផ្ទុះឡើង នៃមេរោគកូរ៉ូណា បានធ្វើឲ្យមនុស្សជាច្រើន បានស្នាក់នៅក្នុងផ្ទះ ហើយងាក ទៅលេងហ្គេម អនឡាញ ខណៈក្រុមហ៊ុនហ្គេមមួយចំនួន បានបង្ហាញពីការកើនឡើង នៃប្រាក់ចំណេញសុទ្ធ ។ ការវិភាគពីក្រុមហ៊ុនGamma Data ជាក្រុមហ៊ុនស្រាវជ្រាវ នៅទីក្រុងប៉េកាំងបានសន្និដ្ឋានថា សហគ្រាសផលិតហ្គេមចំនួន ៤០ ភាគរយបានឃើញប្រាក់ចំណេញសុទ្ធកើនឡើងជាង ៥០ ភាគរយ ហើយក្រុមហ៊ុន ២៤ ភាគរយទៀតរកប្រាក់ចំណេញសុទ្ធទ្វេដង នៅក្នុងត្រីមាសទីមួយ ។
អ្នកគ្រប់គ្រងម្នាក់ មកពីក្រុមហ៊ុនលក់រាយបញ្ជីឈ្មោះ បានប្រាប់សារព័ត៌មាន Shanghai Securitiesថា ការរីករាលដាលដល់កម្រិតខ្លាំង បានផ្តល់អត្ថប្រយោជន៍ ដល់ឧស្សាហកម្មហ្គេម ហើយមានជម្រើសកម្សាន្ត តិចជាងមុនសម្រាប់មនុស្ស ខណៈភាពបត់បែន និងអន្តរកម្មខ្ពស់ នៃហ្គេមនៅផ្ទះអាចបំពេញ តាមតម្រូវការរបស់អ្នកប្រើប្រាស់។
ក្រុមហ៊ុន Sanqi Interactive Entertainment ជាក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានផ្តោតលើការរចនាការអភិវឌ្ឍន៍ និងប្រតិបត្តិការនៅក្នុងហ្គេមទូរស័ព្ទចល័ត និងហ្គេមអ៊ីនធើណេត បង្ហាញប្រាក់ចំណូល ៤,៣៤ ពាន់លានយ័នកើនឡើង ៣៣,៧៦ ភាគរយធៀបនឹងឆ្នាំ មុនជាមួយនឹងប្រាក់ចំណេញសុទ្ធកើនឡើង ៦០,៤ ភាគរយដល់ ៧២៩ លានយ័ននៅត្រីមាសទីមួយ ៕
ដោយ៖លី ភីលីព