បរទេស៖ មន្ទីរបញ្ចកោណ បាននិយាយប្រាប់ថា ប្រតិបត្តិការយោធាសហរដ្ឋអាមេរិក កាលពីឆ្នាំមិញ នៅក្នុងប្រទេសចំនួន៤ ដែលរួមមានទាំងប្រទេស អាហ្វហ្គានីស្ថានផងនោះ បានសម្លាប់ជនស៊ីវិលតិចបំផុត ចំនួន១៣២នាក់ នេះបើតាមការចេញផ្សាយព័ត៌មានរបស់កាសែត UPI។
នៅក្នុងរបាយការណ៍ ប្រចាំឆ្នាំរបស់ខ្លួនស្តីពីជនរងគ្រោះ ស៊ីវិល ពាក់ព័ន្ធទៅនឹងប្រតិបត្តិការយោធាសហរដ្ឋអាមេរិក ដែលបោះពុម្ពផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ក្រសួងការពារជាតិអាមេរិក បាននិយាយប្រាប់ថា ជនស៊ីវល៩១នាក់ផ្សេងទៀត បានរងរបួសនៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី អាហ្វហ្គានីស្ថាន និងសូម៉ាលី។
នៅក្នុងចំណោមប្រទេសទាំងនោះ ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានគេកត់ត្រាថា មានជនរងគ្រោះច្រើនជាងគេបំផុត ដោយមានជនស៊ីវិលចំនួន ១០៨នាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួស៧៥នាក់ បន្ទាប់មកអ៊ីរ៉ាក់និងស៊ីរីមានជនស៊ីវិល ២២នាក់ត្រូវសម្លាប់ និង១៣នាក់រងរបួស ចំណែកក្នុងប្រទេសសូម៉ាលី មនុស្សពីរនាក់ត្រូវបានសម្លាប់ និង៣នាក់រងរបួស៕