បរទេស៖ នាយកឧស្សាហកម្មការពារជាតិតួកគី លោក Ismail Demir បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសតួកគី នៅតែធ្វើការផលិត និងបញ្ជូនឲ្យនូវបំណែក សម្រាប់យន្តហោះចម្បាំង បំបាំងកាយអាមេរិក F-35 បើទោះជាត្រូវបានគេព្យួរ ពីកម្មវិធីយន្តហោះនោះ រយៈពេលជិតមួយឆ្នាំហើយ ជុំវិញការទិញយកប្រព័ន្ធការពារ ដែនអាកាសប្រឆាំងយន្តហោះ ពីរុស្ស៊ីក៏ដោយ។
លោក Ismail Demir តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា “មានការយល់ឃើញ នៅសហរដ្ឋអាមេរិកថា គ្មានអ្វីនឹងត្រូវទិញពីប្រទេសតួកគី សម្រាប់យន្តហោះ F-35 នោះទេ បន្ទាប់ពីខែមីនា ឆ្នាំ២០២០ ប៉ុន្តែចំណាត់ការនោះ នឹងនៅមិនយូរទៀតនោះទេ”។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីតន កាលពីខែកក្កដាឆ្នាំមិញនេះ បានធ្វើការប្រកាសនៅពេល ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី S-400 បានមកដល់ប្រទេសតួកគីថា ខ្លួននឹងព្យួរទីក្រុងអង់ការ៉ា ពីកម្មវិធីយន្តហោះចម្បាំង F-35 និងបានរំពឹងទម្លាក់ការ ចូលរួមរបស់ទួកគី នៅត្រឹមខែមីនា ឆ្នាំ២០២០នេះ ៕
ប្រែសម្រួល៖ ប៉ាង កុង