បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បាននិយាយនៅថ្ងៃទី ៣០ ខែមេសាថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម របស់គាត់ជាមួយប្រទេសចិន ឥឡូវនេះគឺមានសារៈសំខាន់ បន្ទាប់បន្សំ ចំពោះការឆ្លងរាតត្បាតវីរុស ខណៈដែលគាត់បានគំរាម ដល់រដ្ឋាភិបាល ទីក្រុងប៉េកាំង នូវការតម្លើងពន្ធថ្មី ចំពេលមានការចោទ ប្រកាន់ជុំវិញការដោះស្រាយ របស់ប្រទេស លើការរីករាលដាល នៃជំងឺកូវីដ១៩ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានដកស្រង់សន្និសីទ សង្ខេបប្រចាំថ្ងៃមុនពេល ដែលអ្នកយកព័ត៌មាន បាននិយាយថា ក្រសួងការបរទេសចិនបានធ្វើការព្រមានចំពោះការគំរាមកំហែង នៃការប្រើប្រាស់ពន្ធគយ ជាអាវុធប្រឆាំងនឹងប្រទេសចិន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ កាលពីសប្តាហ៍មុន បានស្នើឱ្យមានវិធានការសងសឹកថ្មីជុំវិញការចោទប្រកាន់ប្រទេសចិនថា បានដោះស្រាយមិនបានត្រឹមត្រូវ ចំពោះវិបត្តិវីរុសកូវីដ១៩។
ដោយគូសបញ្ជាក់ថា ពន្ធគយជាទូទៅ បានធ្វើឱ្យប៉ះពាល់ដល់គ្រប់ភាគីដែលពាក់ព័ន្ធ, អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួឈុនយីង បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ល្បែង ស្តីបន្ទោសរបស់ខ្លួន ដែលត្រូវបានប្រើជាផែនការ សម្រាប់ការផ្លាស់ប្តូរទំនួលខុសត្រូវ លើជំងឺកូវីដ ១៩ ។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា ប្រទេសចិនច្រានចោលរាល់ការចោទ ប្រកាន់ដែលគ្មានមូលដ្ឋានថា ខ្លួនជាអ្នកទទួលខុសត្រូវក្នុងការរាលដាល មេរោគដោយចេតនា។
លោក ដូណាល់ត្រាំ បានបង្កើនវោហារសាស្ត្រប្រឆាំង នឹងរដ្ឋាភិបាលទីក្រុងប៉េកាំងនាពេលថ្មីៗនេះ ដោយអះអាងថា លោកបានឃើញភស្តុតាងដែលបង្ហាញថា វីរុសនេះ មានប្រភពដើមនៅក្នុងមន្ទីរពិសោធន៍ចិន ព្រោះថា ជំងឺរាតត្បាត បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ច។
នៅពេលត្រូវបានគេសួរអំពីវិធានការសងសឹក ដែលអាចកើតមានប្រឆាំង នឹងទីក្រុងប៉េកាំងចំពោះបញ្ហាខ្វះចន្លោះនៃភាពស្មោះត្រង់របស់ខ្លួន ទាក់ទងនឹងជំងឺរាតត្បាត ប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី ៣០ ខែមេសាថា លោកអាចអនុវត្តពន្ធគយ (តម្លើងពន្ធ) ប្រឆាំងនឹងប្រទេសចិន។
លោក ដូណាល់ ត្រាំ បន្តថា “ខ្ញុំអាចធ្វើវាឱ្យខុសគ្នា, ខ្ញុំអាចធ្វើបានដូចគ្នាបាន ប៉ុន្តែសូម្បីតែប្រាក់បន្ថែមទៀត ដោយគ្រាន់តែដាក់ពន្ធគយ” ។
លោកប្រធានាធិបតីអាមេរិករូបនេះ បានចោទសួរពីមូលហេតុ ដែលប្រទេសចិន បានអនុញ្ញាតឱ្យប្រជាជន ចាកចេញពីប្រទេស និងធ្វើដំណើរជាសកល នៅពេលពួកគេបានដឹង អំពីការផ្ទុះជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនេះ៕
ប្រែសម្រួលៈ ណៃ តុលា