បរទេស៖លោក Hu Xijin ជានិពន្ធនាយកកាសែត Global Times បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិនគួរតែពង្រីកឃ្លាំងក្បាលគ្រាប់នុយក្លេអ៊ែរបស់ខ្លួន ឲ្យដល់ចំនួន១.០០០គ្រាប់ ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ លើកឡើងជាថ្មីនូវសំណើរបស់លោក ឲ្យប្រទេសចិនចូលរួមសន្ធិសញ្ញាគ្រប់គ្រងអាវុធ។
តាមសេចក្តីរាយការណ៍ លោក Hu Xijin បានសរសេរនៅក្នុងសារបង្ហោះលើបណ្ដាញសង្គមចិន Weibo យ៉ាងដូច្នេះថា “យើងស្រឡាញ់សន្តិភាព និងសន្យាមិនប្រើប្រាស់អាវុធនុយក្លេអ៊ែជាមុន ប៉ុន្តែយើងត្រូវការឃ្លាំងគ្រាប់នុយក្លេអ៊ែបន្ថែមទៀត ដើម្បីទប់ទល់នឹងមហិច្ឆតាយុទ្ធសាស្ត្រអាមេរិក និងការរុញច្រានប្រឆាំងចិន”។
គួរបញ្ជាក់ថា ភាពតានតឹងរវាងប្រទេសចិននិងសហរដ្ឋអាមេរិក ដែលបានកើនឡើងដល់កម្រិតខ្ពស់រួចស្រេចហើយពីសង្គ្រាមជំនួញនោះ បានកើនកម្តៅរឹតតែខ្លាំងឡើង ក្នុងពេលប៉ុន្មានខែថ្មីៗនេះ ស្របពេលសង្គ្រាមពាក្យសម្តី ជុំវិញរឿងប្រភពរបស់ជម្ងឺឆ្លង គឺវីរុសកូរ៉ូណា៕ ប្រែសម្រួល៖ប៉ាង កុង