បរទេស៖ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងលិខិតមួយផ្ញើជូនមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមានប្រសាសន៍ប្រាប់ថា ប្រទេសចិនមានឆន្ទៈ ក្នុងការផ្តល់ការគាំទ្រដល់ប្រទេសកូរ៉េខាងជើង ក្នុងសមត្ថភាពប្រឆាំងនឹងការរាតត្បាតឆ្លង នៃមេរោគកូរ៉ូណា។
ទូរទស្សន៍រដ្ឋចិន តាមសេចក្តីរាយការណ៍ បានផ្សាយថា លោក ស៊ី ជីនពីង បានថ្លែងថា លោកមានក្តីព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពនៅក្នុងប្រទេសកូរ៉េខាងជើង និងសុខភាពរបស់ប្រជាជនកូរ៉េខាងជើង និងថា លោករីករាយ ដែលកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ជម្ងឺផ្លូវដង្ហើមរបស់ទីក្រុងព្យុងយ៉ាង ទទួលបានលទ្ធផលវិជ្ជមាន។
គួរបញ្ជាក់ថា ប្រទេសចិន គឺជាសម្ពន្ធមិត្តដ៏ចម្បង និងជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ប្រទេសកូរ៉េខាងជើង ហើយនៅពេលថ្មីៗនេះ បានបញ្ជូនអ្នកជំនាញផ្នែកវេជ្ជសាស្ត្រមួយចំនួន ទៅកាន់ប្រទេសកូរ៉េខាងជើងផងដែរ ក្រោយពីមានពាក្យចចាម អារាមថា លោក គីម ជុងអ៊ុន ទើបទទួលការវះកាត់សរសៃ បេះដូងរួច៕ប្រែសម្រួល៖ប៉ាង កុង