បរទេស៖ កម្មកររោងចក្រ និងសំណង់ក្នុងប្រទេសរុស្ស៊ី នៅថ្ងៃអង្គារនេះ បានវិលត្រឡប់ចូលធ្វើការងារវិញ បើទោះជាមានសន្ទុះថ្មី ក្នុងករណីឆ្លងមេរោគកូរ៉ូណា បានធ្វើឲ្យប្រទេសរុស្ស៊ី មានចំនួនការឆ្លងខ្ពស់បំផុតលំដាប់ទីពីរ ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកក៏ដោយ។
នៅក្នុងសេចក្តីប្រកាស ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ កាលពីថ្ងៃចន្ទ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន វាដល់ពេលហើយ ដែលត្រូវដកវិញបន្តិចម្តងៗ នូវការរឹតបន្តឹងនៅទូទាំងប្រទេស ដែលបង្ខំឲ្យមនុស្សជាច្រើននាក់ ធ្វើការពីផ្ទះ និងបង្ខំឲ្យពាណិជ្ជកម្មត្រូវ បិទទ្វារជាបណ្ដោះអាសន្ន។
គួរបញ្ជាក់ថា ដោយមានករណីឆ្លងវិរុសកូរ៉ូណាចំនួន ២៣២.២៤៣ករណីនោះ ប្រទេសរុស្ស៊ី នាពេលបច្ចុប្បន្ននេះ មានចំនួនករណីឆ្លងខ្ពស់បំផុត លំដាប់ទីពីរលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ប៉ុន្តែមានករណីស្លាប់ត្រឹមតែ២.១១៦ប៉ុណ្ណោះ ដែលជាចំនួនមួយក្នុងចំណោម អត្រាការស្លាប់ដ៏ទាបបំផុត ៕
ប្រែសម្រួល៖ ប៉ាង កុង