ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល សហព័ន្ធឥណ្ឌា បានឲ្យដឹង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា មានអ្នកស្លាប់ថ្មី ចំនួន១៣៤នាក់ ដោយសារជំងឺកូវីដ១៩ និងមានអ្នកធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន បន្ថែមទៀតចំនួន៣.៧២២នាក់ ដែលត្រូវបានគេរាយការណ៍ ឲ្យដឹងចាប់តាំងពីថ្ងៃពុធ នៅក្នុងប្រទេស នាំឲ្យចំនួនអ្នកស្លាប់ កើនដល់២.៥៤៩នាក់ និងអ្នកឆ្លងសរុបចំនួន៧៨.០០៣នាក់ ។
ក្រសួងបានចេញ ប្រកាសព័ត៌មានថា គិតត្រឹមព្រឹកថ្ងៃពុធ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសមានចំនួន៧៤.២៨១នាក់ និងមានអ្នកស្លាប់ចំនួន២.៤១៥នាក់ ។
យោងតាមការបញ្ជាក់ ដោយក្រុមមន្ត្រីក្រសួងបានឲ្យដឹងថា មានពលរដ្ឋចំនួន២៦.២៣៥នាក់ បានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីសុខភាពបានប្រសើរឡើងវិញ ។
តាមការអាននូវព័ត៌មានបានបង្ហាញថា “ចំនួនអ្នកដែលឆ្លងជំងឺ ហើយមានអាការៈធ្ងន់ធ្ងរ នៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ គឺមានចំនួន៤៩.២១៩នាក់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា