បរទេស ៖ ប្រទេសកូឡំប៊ីនឹងធ្វើការងាររួមគ្នា ជាមួយប្រទេសប្រេស៊ីល ដើម្បីបង្កើនវត្តមានយោធា នៅតាមតំបន់ព្រំដែន និងចែករំលែងគ្នា នូវព័ត៌មាន ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធ នឹងករណីមេរោគកូរ៉ូណា ដែលមានចំនួនកំពុងតែកើនឡើង នៅក្នុងតំបន់ នេះបើយោងតាមសម្តី របស់ប្រធានាធិបតីកូឡំប៊ី លោក Ivan Duque ។
តាមសេចក្តីរាយការណ៍មួយ ពីកាសែត Us News ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Ivan Duque បានមានប្រសាសន៍ប្រាប់ថា ចំណាត់ការជាបន្តបន្ទាប់ ត្រូវបានគេព្រមព្រៀងគ្នា នៅក្នុងអំឡុងកិច្ចប្រជុំមួយ រវាងរដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកូឡំប៊ី ជាមួយនឹងមន្ត្រីប្រេស៊ីល។
នៅក្នុងអំឡុងថ្លែងសុន្ទរកថា លើកញ្ចក់ទូរទស្សន៍ លោក Ivan Duque បានថ្លែងយ៉ាងដូច្នេះថា “យើងបានពង្រឹងរួចរាល់ហើយ នូវវត្តមានយោធា តាមព្រំដែន ក្នុងខេត្ត Amazonas ហើយនៅក្នុងពេលបច្ចុប្បន្ននេះ អាជ្ញាធរក្នុងប្រទេសប្រេស៊ីល នឹងចូលរួមក្នុងកិច្ច ខិតខំប្រឹងប្រែងនោះ ដើម្បីឲ្យមានការគ្រប់គ្រង និងត្រួតពិនិត្យពិសេស លើការឆ្លងកាត់មិនផ្លូវការទាំងអស់” ៕
ប្រែសម្រួល៖ប៉ាង កុង