បរទេស៖ រដ្ឋាភិបាលរុស្ស៊ី បាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួននឹងអនុញ្ញាតឲ្យអត្តពលិកបរទេស ដែលប្រកួតក្នុងលីគកីឡាក្នុងប្រទេស ចូលមកក្នុងប្រទេសរុស្ស៊ី ស្របពេលដែលចំនួននៃករណី ឆ្លងមេរោគកូវីដ១៩ បានកើនលើសចំនួន២៨០.០០០ករណីហើយ។
នៅក្នុងខែមីនា ប្រទេសរុស្ស៊ី បានបិទព្រំដែនមិនឲ្យជនបរទេសចូល និងផ្អាកជើងហោះហើរអន្តរជាតិទាំងអស់ លើកលែងតែការវិលត្រឡប់មកវិញ របស់ប្រជជនរុស្ស៊ី ឬក៏ការវិលត្រឡប់របស់ជនជាតិបរទេស ទៅកាន់ប្រទេសកំណើតពួកគេវិញ ក្នុងគោលបំណងទប់ស្កាត់ ការរាតត្បាតឆ្លងនៃវីរុសកូរ៉ូណា។
តាមសេចក្តីរាយការណ៍ រដ្ឋាភិបាលរុស្ស៊ីបាននិយាយប្រាប់ថា អត្តពលិក និងគ្រូបង្វឹកក្រោមកុងត្រាជាមួយ អង្គការកីឡារុស្ស៊ី នឹងត្រូវបានដាក់ឲ្យនៅក្រោម ការអង្កេតតាមដានរបស់ពេទ្យ និងត្រូវតែចំណាយពេលពីរសប្ដាហ៍ នៅដាច់ដោយឡែកពីគេ ផ្អែកទៅលើការវិលត្រឡប់របស់ពួកគេ៕
ប្រែសម្រួល៖ប៉ាង កុង