បរទេស៖ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានធ្វើការប្រឆាំងតវ៉ាចំពោះការអះអាងកម្មសិទ្ធិរបស់ជប៉ុន ចំពោះកោះដុកដូដែលមានជម្លោះ នៅថ្ងៃអង្គារនេះ ក្រោយបានកោះអញ្ជើញមន្ត្រីការទូតជាន់ខ្ពស់ជប៉ុនមួយរូប ឲ្យទៅក្រសួងការបរទេស។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Newsis បានរាយការណ៍ថា លោក គីម ជុនហាន ជាប្រធានទទួលបន្ទុកកិច្ចការអាស៊ីនិងប៉ាស៊ីហ្វិក នៅក្រសួងការបរទេសកូរ៉េខាងត្បូង បានបង្ហាញនូវក្តីសោកស្តាយជាខ្លាំង នៅក្នុងអំឡុងជំនួបមួយ ជាមួយលោក Hirohisa Soma ជាមន្ត្រីការទូតជប៉ុនប្រចាំនៅទីក្រុងសេអ៊ូល។
ចំណែកមន្ត្រីនាំពាក្យក្រសួងការបរទេស កូរ៉េខាងត្បូង លោក Kim In-chul បាននិយាយដូច្នេះថា “យើងតវ៉ាយ៉ាងខ្លាំងក្លា ចំពោះការអះអាងអធិបតេយ្យភាពមិនត្រឹមត្រូវនិងមិនស្របច្បាប់ នៅក្នុងសៀវភៅខៀវការទូតរបស់រដ្ឋាភិបាលជប៉ុន ជុំវិញដែនកោះដុកដូ ដែលជាទឹកដីកូរ៉េខាងត្បូង តាមប្រវត្តិសាស្ត្រ ភូមិសាស្ត្រនិងតាមផ្លូវច្បាប់”៕