បរទេស ៖ យោងទៅតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានជប៉ុន បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ប្រហែលជាកំពុង តែបញ្ជាឲ្យមនុស្ស ដែលមានអាការៈ នៃជម្ងឺហឺត និង គ្រុនផ្ដាសាយធម្មតា ឲ្យនៅដាច់ដោយឡែកពីគេ។
កាសែតជប៉ុន Sankei Shimbun បានរាយការណ៍នៅថ្ងៃអង្គារនេះថា ការសម្រេចចិត្ត របស់ប្រទេសកូរ៉េខាងជើង ដាក់អ្នកជម្ងឺហឺតនិងផ្ដាសាយធម្មតា ឲ្យនៅដាច់ដោយឡែក ពីគេនេះ គឺបានកើតមានឡើង ពីដើមខែរហូតដល់ ពាក់កណ្ដាលខែមេសា ហើយរយៈពេល នៃការសម្រេចចិត្តបែបនេះ គឺត្រូវជាមួយពេល ដែលលោក គីម ជុងអ៊ុន មិនបានបង្ហាញខ្លួន នៅទីសាធារណៈ ក្រោយកិច្ចប្រជុំការិយាល័យ នយោបាយមួយ កាលពីថ្ងៃទី១១ ខែមេសា ។
គួរបញ្ជាក់ថា កូរ៉េខាងជើង នាពេលថ្មីៗនេះ បានអះអាងពីភាពជោគជ័យជុំវិញ ការទប់ស្កាត់មេរោគកូរ៉ូណា និងបាននិយាយថា គ្មានករណីវីរុសកូរ៉ូណា នៅក្នុងប្រទេសនោះទេ បើទោះជាមានភាព ជិតដិតជាមួយប្រទេសចិន មុនពេលជម្ងឺឆ្លងនេះ ផ្ទុះឡើងក៏ដោយ ៕
ប្រែសម្រួល៖ប៉ាង កុង