ព្រឹត្តិការណ៍

ក្រោយអាមេរិកព្រមាន អ៊ីរ៉ង់និយាយថា ទ័ពជើងទឹកខ្លួន នឹងនៅតែធ្វើប្រតិបត្តិការ ក្នុងតំបន់ឈូងសមុទ្រ

បរទេស ៖ ទ័ពជើងទឹកអ៊ីរ៉ង់ នឹងនៅតែរក្សាបេសកកម្មប្រក្រតី នៅក្នុងតំបន់ឈូងសមុទ្រ នេះបើតាមសេចក្តី រាយការណ៍របស់ទីភ្នាក់ងារ សារព័ត៌មាន ISNA នៅថ្ងៃពុធនេះ ក្រោយមួយថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមានដល់អ្នកធ្វើដំណើរ តាមសមុទ្រឲ្យនៅឲ្យឆ្ងាយ ពីនាវាចម្បាំងអាមេរិក ។

ដោយដកស្រង់សម្តីមន្ត្រីយោធា មិនបញ្ចេញឈ្មោះមួយរូប កាសែតអ៊ីរ៉ង់ខាងលើនេះ បាននិយាយដូច្នេះថា “អង្គភាពទ័ពជើងទឹក របស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស និងឈូងសមុទ្រអូម៉ង់ នឹងនៅតែបន្តបេសកកម្មប្រក្រតីរបស់ខ្លួន នៅអនុលោមទៅតាមគោលការណ៍ ប្រកបដោយវិជ្ជាជីវៈ ដែលមានតាំងពីក្នុងអតីតមក”។

គួរបញ្ជាក់ថា ការដែលសហរដ្ឋអាមេរិក ធ្វើការព្រមាន ចំពោះអ្នកដំណើរតាមសមុទ្រនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គម្រាមកាលពីខែមុនថា នឹងបាញ់នាវាអ៊ីរ៉ង់ណាមួយ ដែលយារយីដល់នាវាទ័ពជើង ទឹកសហរដ្ឋអាមេរិក ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top