វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកនឹងដកសហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញា ត្រួតពិនិត្យអាវុធ ឆ្នាំ១៩៩២ ដែលបានអនុញ្ញាត ឱ្យមានជើងហោះហើរ ឃ្លាំមើលគ្មានអាវុធលើទឹកដី ដែលចូលរួម ដើម្បីកែលម្អតម្លាភាព នៃសកម្មភាពយោធា។
សន្ធិសញ្ញាបើកចំហ ដែនអាកាស បានចូលជាធរមានក្នុងឆ្នាំ ២០០២ ដោយមានការចូលរួម ពីសមាជិកចំនួន ៣៤ រួមមានរុស្ស៊ី និងបណ្តាប្រទេស អឺរ៉ុបជាច្រើន។
សន្ធិសញ្ញានេះ បានផ្តល់ឱកាសដល់ប្រទេស ជាសមាជិកក្នុងការទទួលបានព័ត៌មាន ស្តីពីសកម្មភាព យោធា និងសកម្មភាពដទៃទៀត ដែលមានការព្រួយបារម្ភ ប៉ុន្តែសហរដ្ឋអាមេរិក ត្អូញត្អែរថាទីក្រុងមូស្គូ បានរំលោភលក្ខខណ្ឌ របស់ខ្លួន។
លោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំគិតថាយើងមានទំនាក់ ទំនងល្អជាមួយរុស្ស៊ី ប៉ុន្តែប្រទេសរុស្ស៊ីមិនបានគោរព តាមសន្ធិសញ្ញានេះទេ ដូច្នេះទាល់តែពួកគេប្រកាន់ខ្ជាប់ នោះយើងនឹងដកខ្លួនចេញ” ៕
ដោយ ឈូក បូរ៉ា