កីឡា

មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា បើកកិច្ចប្រជុំ ស្តីពីការពិនិត្យ និងកំណត់គោលដៅ នៃការហ្វឹកហាត់ ក្រុមកីឡា ថ្នាលឡើងវិញ

ភ្នំពេញ ៖ មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា បើកកិច្ចប្រជុំស្តីពី ការពិនិត្យ និងកំណត់គោលដៅ នៃការហ្វឹកហាត់ ក្រុមកីឡាថ្នាល នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ដោយមានការអញ្ជើញ ចូលរួមពីលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាជាលើកដំបូង បន្ទាប់ពីរំសាយឲ្យហ្វឹកហាត់ នៅផ្ទះអស់មួយរយៈ នៅរដូវកាលមេរោគកូរ៉ូណា ។

លោក ប៉ុន សុខ បាននិយាយថា សហព័ន្ធកីឡាជាតិទំាង៣៤ ប្រភេទកីឡា ត្រូវរៀបចំកន្លែង និងទីលានឲ្យប្រកប ដោយអនាម័យ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារមេរោគកូរ៉ូណា។ ចំពោះក្រុមកីឡាថ្នាល ដែលហ្វឹកហាត់ នាពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវប្តូរមកហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ទំាងអស់ ដូច្នេះសហព័ន្ធត្រូវដាក់វេណគ្នា ហ្វឹកហាត់ ដើម្បីការពារមេរោគកូរ៉ូណា ។

លោកបានបន្តថា សហព័ន្ធកីឡាជាតិ និងអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យមើលការបើកឡើងវិញ នៃវិស័យកីឡាជាជំហានៗ ដែលត្រូវបានអនុញ្ញាត ឲ្យមានវិធានការកែតម្រូវ សម្រាប់ដាក់ឲ្យដំណើរការឡើងវិញ នូវវិស័យកីឡា ដោយត្រូវគោរពតាមលក្ខណ្ឌ សុវត្ថិភាពមួយចំនួន ដូចខាងក្រោម ៖

រាល់ការហាត់ហ្វឹកហ្វឺន និងប្រកួត ត្រូវគោរពតាមនិយាមបច្ចេកទេស ដើម្បីធានាសុវត្ថិភាព ចំពោះទីកន្លែង និងឧបករណ៍សម្ភារ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ និងអនាម័យជាប្រចាំ និងកីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្រ្តីបច្ចេកទេសត្រូវបានពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ និងម៉ឺងម៉ាត់ ជាប្រចាំតាមការណែនាំ និងសហការជាមួយក្រសួង សុខាភិបាល។

លោកប្រធានបន្ថែមទៀតថា ត្រូវធ្វើសេចក្ដីណែនាំទៅក្លឹបលីក ដើម្បីបំពេញលក្ខខណ្ឌ និងអនុវត្តវិធានការការពារ មេរោគកូរ៉ូណាបានត្រឹមត្រូវ និងម៉ឺងម៉ាត់មុនហាត់ និងប្រកួត ហើយការប្រកួតលីកត្រូវបិទទ្វារ ធានាថាមិនមានទស្សនិកជន ចំពោះការប្រកួតលីគ មិនត្រូវឲ្យមានចំនួនកីឡាករ និងមន្ត្រីលើសពី១០០នាក់ឡើយ ត្រូវមានវិន័យ ក្នុងការអនុវត្តគម្លាតសហ្គម និងគម្លាតបុគ្គល (មិនត្រូវចាប់ដៃ និងឱបរឹតគ្នា ពេលទាត់ចូលឡើយ) ត្រូវធានាថា កន្លែងហាត់ និងប្រកួតលីគ មិនមែនជាកន្លែងឆ្លងមេរោគ កូរ៉ូណារលកទី២ឡើយ ករណីការប្រកួតលីកអនុវត្ត មិនបានត្រឹមត្រូវតាមវិធានការ និងការណែនាំបច្ចេកទេស របស់ក្រសួងសុខាភិបាល សហព័ន្ធនឹងទទួលខុសត្រូវ ចំពោះមុខច្បាប់ ៕
ដោយ៖លី ភីលីព

Most Popular

To Top