បរទេស ៖ នៅសប្តាហ៍នេះវិទ្យាស្ថានជំងឺឆ្លង របស់ប្រទេសចិន នៅទីក្រុងវូហាន ដែលជាទីកន្លែង ស្ថិតនៅចំកណ្តាល នៃការចោទប្រកាន់ របស់សហរដ្ឋអាមេរិកថា វាអាចជាប្រភព នៃការរាតត្បាតជំងឺ COVID-19 បាននិយាយថា ខ្លួនមាននៅសល់សត្វប្រជៀវ ដែលមានផ្ទុកវិរុសកូរ៉ូណា ចំនួន៣ក្បាល នៅនឹងមន្ទីរពិសោធន៍ របស់ខ្លួនៅឡើយ។
ប៉ុន្តែវិទ្យាស្ថាននេះក៏បានអះអាងដែរថា វិរុសដែលនៅក្នុងសត្វប្រជៀវ ទាំង៣នោះគឺមិនមានមួយណា ដែលជាប្រភេទវិរុស ដូចទៅនឹងវិរុសប្រភេទ ដែលកំពុង ឆ្លងជាសកលនេះទេ។
អ្នកវិទ្យសាស្ត្រជាច្រើន កន្លងមកបានជឿជាក់ថា COVID19 បានឆ្លងមកមនុស្សដំបូង ចេញពីទីក្រុងវូហាន នៃប្រទេសចិនដែលបច្ចុប្បន្ន បានសម្លាប់មនុស្សប្រមាណជា ៣៤ម៉ឺននាក់ មកហើយនៅទូទាំងពិភពលោក ។ វាកើតឡើងចេញពីសត្វប្រជៀវ ហើយឆ្លងមកមនុស្ស តាមរយៈសត្វថនិកសត្វផ្សេងទៀត ។
ប៉ុន្តែប្រធានវិទ្យាសា្ថន ជំងឺឆ្លង នៃប្រទេសចិននៅទីក្រុងវូហាន គឺលោកដែលបានថ្លែង ទៅកាន់ក្រុមសារព័ត៌មានរដ្ឋ CGTN កាលពីគ្រាកន្លងមកថា ការអះអាងរបស់លោកប្រធានាធីបតី អាមេរិក ដូណាល់ត្រាំ ថា វិរុសត្រូវបានលេចធ្លាយចេញ ពីមន្ទីរពិសោធន៍ក្រុងវូហាន នោះគឺជារឿងប្រឌិត សុទ្ធសាធ។
ប្រធានវិទ្យស្ថានដដែល ក៏បាននិយាយដែរថា សត្វប្រជៀវទាំង៣ក្បាលនេះ មានផ្ទុកវិរុសកូរ៉ូណា ដែលស្រដៀង ទៅនឹងវិរុសសា SARS-CoV-2 ប៉ុណ្ណោះហើយក្នុងកម្រិត ៧៩,៨ភាគរយគឺ មិនមានអ្វីដែលស្រដៀង ទៅនឹងវិរុសដែលបង្កើត បានទៅជា COVID19ឡើយ ៕
ប្រែសម្រួល៖ស៊ុនលី