ប្រទេសអាល្លឺម៉ង់៖ ប្រភេទកីឡាជាច្រើន នៅជុំវិញពិភពលោកត្រូវ បានពន្យារពេលការប្រកួត ដោយសារតែមេរោគកូរ៉ូណា ធ្វើឲ្យទីភ្នាក់ងារ ប្រឆាំងសារធាតុហាមឃាត ក្នុងកីឡាពិភពលោក កំពុងស្វែងរកការជួយ ពីប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលជាមធ្យោបាយថ្មីមួយ ដើម្បីរកមើលអត្តពលិក កំពុងលួចបន្លំ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
WADA កំពុងផ្តល់មូលនិធិ ដល់គម្រោងចំនួន៤ នៅប្រទេសកាណាដា និងអាល្លឺម៉ង់ ដោយពិនិត្យមើល ថាតើ AI អាចមើលឃើញសញ្ញា នៃការប្រើប្រាស់សារធាតុហាមឃាតក្នុងកីឡា រួមបញ្ចូលជាមួយអ្នកស៊ើបអង្កេត ដែលមានបទពិសោធន៍។ វាក៏កំពុងដោះស្រាយ ជាមួយនឹងបញ្ហាក្រមសីលធម៌ ជុំវិញបច្ចេកវិទ្យា។ អត្តពលិកនឹងមិនត្រូវបាន បញ្ឈប់ដោយផ្អែក លើពាក្យម៉ាស៊ីនឡើយ។
ផ្ទុយទៅវិញប្រព័ន្ធAI គឺជាឧបករណ៍មួយ ដើម្បីដាក់ទង់អត្តពលិក ដែលសង្ស័យ ហើយត្រូវប្រាកដថា ពួកគេបានធ្វើតេស្ត។ លោក Olivier Rabin នាយកប្រតិបត្តិ នៃអង្គការ WADA បានប្រាប់ថា នៅពេលអ្នក កំពុងធ្វើការឲ្យអង្គភាព ប្រឆាំងសារធាតុហាមឃាតក្នុងកីឡា ហើយអ្នកចង់កំណត់អត្តពលិកខ្លះ អ្នកមើលប្រតិទិនប្រកួតរបស់ពួកគេ ហើយអ្នកក្រឡេកមើល ទីកន្លែងរបស់ពួកគេ អ្នកមើលលទ្ធផលពីមុន។
លោក Olivier បានប្រាប់សារព័ត៌មាន Associated Press កាលពីពេលថ្មីៗនេះថា ប៉ុន្តែមានតែខួរក្បាលមួយទេ ដែលអាចដំណើរការ ទាក់ទងនឹងព័ត៌មាន ។ រោគរាតត្បាត បានបិទការធ្វើតេស្ត ប្រឆាំងនឹងសារធាតុហាមឃាត់ ក្នុងកីឡានៅក្នុងប្រទេសជាច្រើន ប៉ុន្តែវាបានជំរុញឲ្យការងារ AI ឈានមុខគេ ព្រោះការស្រាវជ្រាវជាច្រើន អាចធ្វើបានពីចម្ងាយ។
ការវិភាគគំរូឈាម ឬទឹកនោមរបស់អត្តពលិកាំ គឺមិនត្រឹមតែរកឃើញសារធាតុ ជួយបង្កើនសមត្ថភាពប៉ុណ្ណោះទេ ចំពោះការធ្វើតេស្ត ក៏តាមដានជីវម៉ាសជាច្រើន ដូចជាចំនួនកោសិកាឈាមក្រហម របស់អត្តពលិក ឬកម្រិតតេស្តូស្តេរ៉ូន៕ ដោយ៖លី ភីលីព