ភ្នំពេញ ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២០ លោក បណ្ឌិត ជា ប៊ុនហេង ប្រធានអង្គភាពកីឡា នគរបាលជាតិកម្ពុជា និងជាអនុប្រធានទី១ សហព័ន្ធកីឡា សូហ្វតិន្នីស បានចុះដឹកនាំមន្ត្រី ធ្វើការបាញ់ថ្នាំ សម្លាប់មេរោគ នៅក្នុងបរិវេណ ទីលានសហព័ន្ធកីឡា សូហ្វតិន្នីសកម្ពុជា នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោកបណ្ឌិត ជា ប៊ុនហេង បានមានប្រសាសន៍ថា ការបាញ់ថ្នាំសម្លាប់មេរោគ នៅជុំវិញបរិវេណទីលាន ក្នុងបំណងត្រៀម រៀបចំការប្រកួត ដណ្តើមពានរង្វាន់ថ្នាក់ជាតិ និងពាន សម្ដេចក្រឡាហោម ស ខេង នាពាក់កណ្ដាលខែមិថុនា ខាងមុខនេះ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីជូនដំណឹង ដល់សហព័ន្ធកីឡាជាតិ ដោយអនុញ្ញាត ឲ្យដំណើរការហាត់ហ្វឹកហ្វឺន និងប្រកួតលីគ របស់ខ្លួនឡើងវិញជាជំហានៗ ប៉ុន្តែត្រូវមានផែនការ ច្បាស់លាស់ និងត្រូវគោរព តាមលក្ខខណ្ឌសុវត្ថិភាព មួយចំនួនដូចខាងក្រោម ៖ រាល់ការហាត់ហ្វឹកហ្វឺន និងប្រកួត ត្រូវគោរព តាមនិយាមបច្ចេកទេស ដើម្បីធានាសុវត្ថិភាព ចំពោះទីកន្លែង និងឧបករណ៍សម្ភារ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ និងអនាម័យជាប្រចាំ និងកីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្រ្តីបច្ចេកទេស ត្រូវបានពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ និងម៉ឺងម៉ាត់ ជាប្រចាំតាមការណែនាំ និងសហការជាមួយក្រសួងសុខាភិបាល ។
លោកប្រធានអង្គភាពកីឡា នគរបាលជាតិកម្ពុជាបន្ថែមទៀតថា ត្រូវធ្វើសេចក្ដីណែនាំទៅក្លឹបលីក ដើម្បីបំពេញលក្ខខណ្ឌ និងអនុវត្តវិធានការ ការពារមេរោគកូរ៉ូណា បានត្រឹមត្រូវ និងម៉ឺងម៉ាត់មុនហាត់ និងប្រកួត ហើយការប្រកួតលីកត្រូវបិទទ្វារ ធានាថាមិនមានទស្សនិកជន ចំពោះការប្រកួតលីគ មិនត្រូវឲ្យមានចំនួនកីឡាករ និងមន្ត្រីលើសពី១០០នាក់ឡើយ ត្រូវមានវិន័យ ក្នុងការអនុវត្តគម្លាតសហ្គម និងគម្លាតបុគ្គល (មិនត្រូវចាប់ដៃ និងឱបរឹតគ្នាពេលទាត់ចូលឡើយ) ត្រូវធានាថា កន្លែងហាត់ និងប្រកួតលីគ មិនមែនជាកន្លែងឆ្លងមេរោគ កូរ៉ូណារលកទី២ឡើយ ករណីការប្រកួតលីកអនុវត្ត មិនបានត្រឹមត្រូវតាមវិធានការ និងការណែនាំបច្ចេកទេស របស់ក្រសួងសុខាភិបាល សហព័ន្ធនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ៕
ដោយ ៖ លី ភីលីព