កីឡា

ស្នាដៃម្ចាស់មេដាយ ប្រដាល់គុនខ្មែរ នៅ SEA GAMES ២០១៧-២០១៩ នឹងត្រូវតម្កល់ទុក នៅសារ:មន្ទីរកីឡាជាតិ

ភ្នំពេញ ៖ លោក តែម ម៉ឺន ប្រធានសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ នាព្រឹកថ្ងៃទី ០២មិថុនា២០២០នេះ បានជួបសំណេះសំណាល និងណែនាំឲ្យកីឡាករ ប្រដាល់គុនខ្មែរ ព្រមទាំងឃីកបុកស៊ីង ចំនួន៨រូប ដែលជាម្ចាស់មេដាយ មាស ប្រាក់ និងសំរិទ្ធ ឲ្យរៀបចំឯកសារប្រវត្តិស្នាដៃ របស់ខ្លួន ដើម្បីប្រគល់ឲ្យក្រសួង អប់រំយុវជន និងកីឡា សម្រាប់ធ្វើសៀវភៅ ប្រវត្តិកីឡាករ-កីឡាការិនីកម្ពុជា ដែលមានស្នាដៃ ជយលាភី និងមេដាយ សម្រាប់តម្កល់ទុក និងតាំងក្នុង សារ:មន្ទីរកីឡាជាតិ ។

លោក តែម ម៉ឺន បានមានប្រសាសន៍ថា ក្នុងនាមលោកជាប្រធាន សហព័ន្ធសូមកោតសរសើរ ដល់អត្តពលិកគុនខ្មែរ និងឃីកបុកស៊ីង ដែលបានខិតខំប្រឹងប្រែង អស់ពីសមត្ថភាព ក្នុងការប្រកួតដណ្តើម មេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាស៊ីហ្គេម២០១៧ នៅប្រទេស ម៉ាឡេស៊ី ជាពិសេសកីឡាករ ឃុន ម៉ាឌី ដែលទទួលបានមេដាយមាស ជាលើកដំបូងលើប្រភេទ កីឡាប្រដាល់គុនខ្មែរ ។

លោកប្រធានសហព័ន្ធបានបន្តថា ចំពោះព្រឹត្តិការណ៍ការប្រកួតកីឡា ស៊ីហ្គេម២០១៩ នៅប្រទេសមីយ៉ាន់ម៉ា យើងទទួលបានមេដាយ សំរិទ្ធ៦គ្រឿង ។ ដូច្នេះសហព័ន្ធ និងលោកគ្រូអ្នកគ្រូ ម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធ ត្រូវរៀបចំឯកសារ និងរូបភាពរបស់កីឡាករខ្លួន ជូនក្រសួងអប់រំ យុវជន និងកីឡាគ្រប់ចំនួនទំាំងអស់ សម្រាប់ធ្វើសៀវភៅ ប្រវត្តិកីឡាករ-កីឡាការិនីកម្ពុជា សម្រាប់តម្កល់ទុក និងតាំងនៅសារ:មន្ទីរកីឡាជាតិ របស់កម្ពុជា ។

សូមបញ្ជាក់ថា កីឡាករចំនួន៤រូប បានឈ្នះមេដាយនៅក្នុងការសម្រាប់ ការប្រកួតកីឡាស៊ីហ្គេម២០១៧ នៅប្រទេសម៉ាឡេស៊ី និងស៊ីហ្គេម២០១៩នៅមីយ៉ាន់ម៉ា និងឃីកបុកស៊ីង រួមមាន កីឡាករឃុន ឌីម៉ា មេដាយមាស ,កីឡាករម៉ឺន សុភា មេដាយប្រាក់ ,កីឡាករ វ៉ាន់ វឿន មេដាយសំរិទ្ធ២ , កីឡាករឡៅ ចិត្រា មេដាយសំរិទ្ធ២,ហ៊ឹម គឹមរៀង មេដាយសំរិទ្ធ១,ខេម ចាន់ មេដាយសំរិទ្ធ១ ,ចក់ សាវឿន មេដាយសំរិទ្ធ១ និងកីឡាករឡៅ ចន្រ្ទា មេដាយសំរិទ្ធ ១ ៕
ដោយ៖លី ភីលីព

Most Popular

To Top